សកម្មភាពហាត់ប្រាណតាមទីសាធារណៈប្រែស្ងប់ស្ងាត់ នាំឲ្យអ្នកលក់ដូរមួយចំនួនរអ៊ូលក់មិនដាច់
ភ្នំពេញ៖ បណ្តាសួនតាមទីសាធារណៈ ដែលកន្លងមកធ្លាប់តែមមាញឺកខ្លាំង ជាមួយសកម្មភាពហាត់ប្រាណ ទាំងពេលព្រឹក ទាំងពេលល្ងាច ជាមួយសំឡេង អ៊ូអរ របស់មនុស្សម្នា ផ្ទៃមុខពោរពេញដោយស្នាមញញឹម បែរត្រូវស្ងប់ស្ងាត់អំឡុងមួយរយៈចុងក្រោយនេះ ដោយសារការភ័យខ្លាចពីវីរុសកូវីដ ១៩។
ការថមថយសកម្មភាពកម្សាន្ត និងហាត់ប្រាណនៅតាមទីសាធារណៈបែបនេះ អាចមានទំនាក់ទំនងជាមួយការភ័យខ្លាចវីរុសកូវិដ ១៩ ផង ក៏ដូចជាសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា កុំឲ្យមានការជួបជុំហាត់ប្រាណនៅតាមទីសាធារណៈបន្តទៀតផងដែរ។
ទន្ទឹមនឹងសេចក្តីប្រកាសនេះ តាមបណ្តាសួនសាធារណៈ ហាក់ចាប់ផ្តើមកាន់តែស្ងប់ស្ងាត់ជាសព្វមួយដង ធ្វើឲ្យបងប្អូនពឹងផ្អែកលើរបរលក់ដូរបន្តិចបន្តួចក្បែរៗនោះ រងផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
អ៊ុំស្រី ខុម មានរបរលោកពោតស្ងោរជាច្រើនឆ្នាំនៅម្តុំសួនច្បារមុខព្រះបរមរាជវាំង បានរអ៊ូរទាំរឿងលក់ពោតមិនដាច់ ដោយអះអាងចំណូលប្រចាំថ្ងៃ ធ្លាក់ខ្លាំង បាត់អស់ប្រមាណ ៤-៥ ម៉ឺនក្នុងមួយថ្ងៃឯណោះ។ អ៊ុំស្រីបន្តថា ដោយសារជំងឺកូវិដ ១៩ អ៊ុំស្រីកំពុងប្រឈមបញ្ហាជាច្រើន ពិសេសរឿងដាច់បាយតែម្តង។
ជាមួយគ្នានេះ បងស្រី សារី មានរបរលក់ប្រហិត និងភេសជ្ជៈបន្តិចបន្តូចតាមម្តុំសួនច្បារមុខព្រះបរមរាជវាំង ក៏បានលើកឡើងពីរឿងគ្មានមនុស្សដើរលេង ឬហាត់ប្រាណនៅពេលល្ងាចដូចគ្នា ដោយអះអាង បច្ចុប្បន្ននេះ មនុស្សភាគច្រើនសម្ងំនៅផ្ទះ មិនហ៊ានដើរចេញទៅណា ធ្វើឲ្យការរកស៊ី ធ្លាក់ចុះដែរ។
ពាក់ព័ន្ធទៅនឹងខាងលើ បណ្តាអ្នកហាត់ប្រាណមួយចំនួន បានលើកឡើងស្រដៀងគ្នា ដោយសារភ័យខ្លាចវីរុសកូវីដ ១៩ ទើបខ្លួនត្រូវបង្ខំចិត្តហាត់នៅផ្ទះជំនួសវិញ។
កញ្ញា សាលីតា បុគ្គលិកក្រុមហ៊ុនឯកជនមួយ ប្រាប់ឲ្យដឹងថា ពីមុនៗកញ្ញាចូលចិត្តហាត់ប្រាណនៅតាមសួនសាធារណៈ ប៉ុន្តែដោយខ្លាចជំងឺកូវីដ ១៩ កញ្ញាសម្រេចចិត្តហាត់នៅផ្ទះវិញ។
ជាមួយគ្នានេះកញ្ញា លីដា ក៏បានលើកឡើងពីទុកលំបាកមួយចំនួននៅពេលនេះ ពិសេសការហាត់ប្រាណនៅផ្ទះ គឺមិនដូចជាតាមកន្លែងហាត់សាធារណៈនោះឡើយ ប៉ុន្តែដើម្បីកញ្ញាទោះពិបាក ក៏ត្រូវហាត់ដូចគ្នា។
ដូចទៅនឹងការលើកឡើង បណ្តាអ្នកហាត់ប្រាណមួយចំនួន បានសម្រេចចិត្តផ្លាស់ប្តូរទម្លាប់របស់ខ្លួន ពីការហាត់ខាងក្រៅផ្ទះ មកជាការហាត់នៅក្នុងផ្ទះវិញ ដើម្បីគេចចេញពីហានិភ័យឆ្លងជំងឺកូវីដ ១៩ ក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺនេះ ជាមួយការអំពាវនាវរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាលផងដែរ៕ ដោយ៖ ត្នោត