Cristiano Ronaldo បានចំអកបែបលេងសើចទៅកាន់មិត្ដរួមជាតិរបស់ខ្លួនគឺ Bruno Fernandes ថា ហ្វឹកហាត់ដៃឲ្យធំជាងនេះ ជាជាងប្រជែងកាច់ក្បាលពោះជាមួយខ្លួន។
កាលពីចុងសប្ដាហ៍កន្លងទៅ Ronaldo បានបង្ហោះនូវវីដេអូមួយ ដោយបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនឲ្យធើ្វការប្រជែងការកាច់ក្បាលពោះជាមួយគេ ខណ:លទ្ធផលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះធើ្វបានគឺ ១៤២ដង ក្នុងរយ:ពេលត្រឹម ៤៥វិនាទី។
មិត្ដរួមជាតិរបស់គេគឺ Bruno Fernandes បានប្រជែងជាមួយគេដែរ ដោយកាច់ក្បាលពោះបាន ១១៧ដង ក្នុងរយ:ពេល ៤៥វិនាទី និងបានសរសេរថា #NikeLivingRoomCup កាលពីថៃ្ងអាទិត្យកន្លងទៅ។
យ៉ាងណាក្ដី Ronaldo បានតបក្នុង Story នៃបណ្ដាញសង្គម Instagram របស់គេទៅកាន់ការប្រជែងរបស់ Bruno ថា ៖ «ហាត់ដៃជំនួសវិញសិនទៅ» នៅក្នុងន័យឌឺដងបែបលេងសើច៕
ប្រភព៖ Dailymail