អាមេរិករកវិធីសាស្ត្ររារាំងអ៊ីរ៉ង់ ខ្ចីប្រាក់បន្ទាន់៥ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់កូវីដ-១៩
អាមេរិកកំពុងតែស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីរារាំដល់ការខ្ចីប្រាក់បន្ទាន់៥ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩ នៅក្នុងប្រទេសនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់មានគណនីធនាគារ មានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ដូច្នេះប្រសិនបើអ៊ីរ៉ង់ ខ្ចីប្រាក់បាននោះ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ អាចនឹងដកប្រាក់ទាំងអស់ របស់ខ្លួនទៅជួយដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈកំពុងចុះខ្សោយ ដោយសាររងការដាក់ទណ្ឌកម្មរបស់អាមេរិក នាពេលកន្លងមក។ មន្ត្រីអាមេរិក បញ្ជាក់ទៀតថា អ៊ីរ៉ង់នឹងប្រើប្រាស់ប្រាក់ទាំងនោះ ទៅជួយដល់ក្រុមឧទ្ទាម នៅតំបន់មជ្ឈិមបូព៌ាច្រើន ជាងយកទៅទប់ស្កាត់កូវីដ-១៩។
ដោយឡែករដ្ឋាភិបាលអ៊ីរ៉ង់ បានចោទប្រកាន់អាមេរិកថា សកម្មភាពរបស់អាមេរិក ក្នុងពេលកូវីដ-១៩ កំពុងតែរាលដាលខ្លាំង នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយទប់ស្កាត់ IMF ផ្តល់ប្រាក់កម្ចីនោះ គឺជាសកម្មភាពភេរវកម្មផ្នែកសុខាភិបាល។ អ៊ីរ៉ង់ បានបញ្ជាក់ទៀតថា ការដែលអាមេរិកផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេស នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់កូវីដ-១៩ គឺជាការកុហកបោកប្រាស់។
នៅពេលនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងតែពិភាក្សាជាមួយអ៊ីរ៉ង់ ទៅលើប្រាក់កម្ចីទាំងនោះ ដើម្បីទប់ស្កាត់កូវីដ-១៩។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិក មិនព្រមលើកលែងឲ្យអ៊ីរ៉ង់ នោះឡើយ បើទោះជាអាមេរិកដឹងច្បាស់ពីផលប៉ះពាល់ដោយសារតែកូវីដ-១៩ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋ នៅក្នុងប្រទេសនេះក៏ដោយ៕ ប្រែសម្រួលដោយ៖MEO