ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញចិន ដែលត្រូវបញ្ចូនមកជួយទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ នៅកម្ពុជា បានធ្វើមានតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញហើយ ក្រោយបំពេញបេសកកម្ម ២សប្តាហ៍របស់ខ្លួននៅកម្ពុជា។
ក្រុមគ្រូពេទ្យជំនាញចិន បានចាកចេញតាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ មេសា ដោយមានការជូនដំណើរផ្ទាល់ពីសំណាក់ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។
ថ្លែងក្នុងឱកាសនេះ លោក Wang Wentian មានប្រសាសន៍ថា ក្នុងដំណើរមកជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ លើកនេះ ប្រទេសទាំងពីរ បានជួយ និងយកអាសាគ្នាទៅវិញទៅមក ខណៈ ក្រុមគ្រូពេទ្យជំនាញចិន បានបំពេញភារកិច្ចរបស់ខ្លួន ជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានយ៉ាងល្អ ដោយមិនរុញរាក្នុងការណែនាំ ក៏ដូចជាលើកចេញពីយុទ្ធសាស្ត្រជាច្រើន ដើម្បីកម្ពុជាត្រៀមខ្លួនទប់ស្កាប់ហានិភ័យរាតត្បាតបានទាន់ពេលវេលា។
លោក Wang បន្តថា បើទោះជាក្រុមគ្រូពេទ្យទាំង ៧រូប ត្រឡប់ទៅវិញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលចិន និងបន្តជួយកម្ពុជាតាមរយៈសម្ភារបរិក្ខាពេទ្យបន្ថែមទៀត ដើម្បីឲ្យកម្ពុជា មានលទ្ធភាពអាចយកឈ្នះវីរុសកូវីដ ១៩ ដោយជោគជ័យ។
ជាមួយគ្នានេះ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងចំពោះការលះបង់របស់ក្រុមគ្រូពេទ្យជំនាញនាពេលកន្លងមក។ លោកថា វត្តមានក្រុមគ្រូពេទ្យចិន នៅកម្ពុជា គឺធ្វើឡើងទាន់ពេលវេលា និងបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា ជួយកែលម្អប្រព័ន្ធទប់ស្កាត់ជំងឺវីរុស បានផ្តល់យោបល់ ក្នុងការព្យាបាលជូនដល់អ្នកផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ៕
ក្នុងបេសកកម្មប្រមាណ ២សប្តាហ៍ ក្រុមគ្រូពេទ្យជំនាញចិន សម្រេចបានលទ្ធផលមួយចំនួន ដូចជាការផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ឲ្យប្រជាពលរដ្ឋដឹងថា ចូលរួមបង្កើតវិធានការគ្រប់គ្រង និងរឹតបន្តឹងលើអ្នកដំណើរចេញចូលប្រទេសកម្ពុជា រៀបចំផែនការបង្ការកុំឲ្យមានករណីឆ្លងនៅកម្ពុជា ពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលរួមបង្កើនសមត្ថភាព និងល្បឿនធ្វើតេស្តស្វែងវីរុសកូវីដ១៩ ជាមួយក្រុមគ្រូពេទ្យកម្ពុជា ដើម្បីជួយឲ្យវិទ្យាស្ថានសុខភាពសាធារណៈ និងលើកកម្ពស់សមត្ថភាពព្យាបាលជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕ ដោយ៖ ត្នោត