ក្លិបស្តេចស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតែចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland របស់ក្លិប Borussia Dortmund មកកាន់ទឹកដី Santiago Bernabéu នៅរដូវក្តៅនេះ។
យោងតាមបណ្តាញព័ត៌មាន livescore បានឱ្យដឹងថា ក្លិបស្តេចសខាងលើកំពុងតែចង់បានខ្សែប្រយុទ្ធសញ្ជាតិន័រវេលរូបនេះ ក្នុងលក្ខខណ្ឌមួយគឺ ផ្តល់ជូនខ្សែប្រយុទ្ធវ័យក្មេង Luka Jovic ទៅឱ្យ Dortmund ដើម្បីជាថ្នូរក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះ។
ខ្សែប្រយុទ្ធ Haaland ត្រូវបានក្លិប Dortmund ទិញមកពី RB Salzburg នៅខែមករា ឆ្នាំ២០២០ ជាមួយតម្លៃខ្លួនផ្ទេរ ២០លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអាល្លឺម៉ង់ចូលរួមជាមួយ Dortmund អស់រយៈជាង ៤ខែ កន្លងទៅ គេសង្កេតឃើញថា ទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះកំពុងតែធ្វើឱ្យក្លិបនៅអឺរ៉ុបចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបង្ហាញខ្លួន ១១ប្រកួត អាចស៊ុតបញ្ចូលទីរហូតដល់ទៅ ១២គ្រាប់ ឯណោះ។
ក្រោយបង្ហាញទម្រង់លេងល្អបែបនេះ ដំណឹងលេចឮចង់បានពីក្លិបធំៗនៅអឺរ៉ុបក៏ចេះតែកើតមានឡើងជាហូរហែ ពោលគឺ ក្លិបបិសាចក្រហម Manchester United និង Real Madrid សុទ្ធតែងចង់បានដូចគ្នា នៅក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ចំណែកឯ ខ្សែប្រយុទ្ធ Jovic វិញ ត្រូវបានក្លិប Madrid ទិញមកពី Eintracht Frankfurt កាលពីដើមរដូវកាលនេះ ជាមួយតម្លៃខ្លួនផ្ទេរ ៦០លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។ ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអេស្ប៉ាញចូលរួមជាមួយ Madrid ជាងមួយរដូវកាលនេះមក គេសង្កេតឃើញថា ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ ហាក់មិនស្ថិតក្នុងក្រសែភ្នែករបស់អ្នកចាត់ការទូទៅក្លិបស្តេចស លោក Zidane ទាល់តែសោះ ដោយរូបគេត្រូវបានអ្នកចាត់ការទូទៅរូបនេះ ដាក់ឱ្យនៅកៅអីបម្រុងស្ទើរតែពេញមួយរដូវកាលទៅហើយ ពោលគឺមានឱកាសចូលលេងបានតែ ១៥ប្រកួតប៉ុណ្ណោះ ក្នុងនាមជាកីឡាករបម្រុង។
យ៉ាងណាមិញ ក្រោយស្ថិតក្នុងស្ថានភាពបែបនេះ លោក Zidane ហាក់មានបំណង់ចង់បញ្ជូនរូបគេឱ្យត្រឡប់ទៅកាន់ទឹកដីអាល្លឺម៉ង់វិញ ដោយអាចនឹងដោះដូរជាមួយ Haaland នៅរដូវក្តៅនេះតែម្តង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore