Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេភូមិបាញ់សម្លាប់ព្រះចៅអធិការវត្ត និងពលរដ្ឋ ពីការបំពានបម្រាមគោចរកូវីដ១៩

មេភូមិម្នាក់បានបាញ់សម្លាប់ព្រះសង្ឃមួយអង្គ ដែលល្បីល្បាញខាងអភិវឌ្ឍន៍ និងពលរដ្ឋម្នាក់ ពីការបំពាននូវបម្រាមគោចរ នាពេលយប់ ហើយអ្នកប្រព្រឹត្ដអំពើឃាតកម្មនោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ថា ហេតុការណ៍បាញ់សម្លាប់មនុស្ស២នាក់នេះ បានកើតឡើង នៅតាមជិតវត្ដ Khao Phela តាមផ្លូវ Khao Phela ស្ថិតក្នុងឃុំ Tambon Samor Thong  ស្រុក Tha Chana ។

លោក Wisut Intharakamnoen អភិបាលស្រុក Tha Chana បានថ្លែងថា ករណីនេះមានគេរាយការណ៍មកលោក កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៧ ខែមេសា ។ លោកក៏បានទៅជាមួយនឹងលោកវរសេនីយ៍ Thitiwat Suthitivanich អធិការនគរបាលស្រុក និងប៉ូលិសដទៃទៀត ដើម្បីពិនិត្យមើលនៅកន្លែងកើតហេតុ។

លោកអភិបាលស្រុក បានបន្ដថា នៅពេលចុះមកដល់ឃើញបុរសម្នាក់ ឈ្មោះ​ Churat Khongkhlai អាយុ៤៨ឆ្នាំ ស្លាប់នៅលើយានយន្ដ ដោយមានស្នាមរបួសនៅលើខ្លួន។ ចម្ងាយពីសពនោះ ប្រហែល១០ម៉ែត្រ ក៏ឃើញសាកសពព្រះសង្ឃមួយអង្គ ត្រូវគេស្គាល់ព្រះនាម Phra Chonlathan Thavaro Kanchanabut ព្រះជន្ម៤៩ព្រះវស្សា។ ព្រះអង្គមានតួនាទីជាព្រះចៅអធិការវត្ត Khao Phela ។

លោកអភិបាលស្រុក បានបញ្ជាក់ថា នៅលើសាកសពរបស់ព្រះសង្ឃអង្គនេះ មានឃើញស្នាមរបួសត្រង់ព្រះសិរ (ក្បាល) និងឆ្អឹងជំនីរ។ ក្រៅពីនេះ​ សមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីមួយដើម នៅជិតព្រះសព​។ ដោយឡែកជនសង័្សយ ឈ្មោះ Manop Kopin អាយុ៥៥ឆ្នាំ មេភូមិ Moo 9 ឃុំ Tambon Samor Thong ក៏ត្រូវបានចាប់ខ្លួនផងដែរ។

 

លោក Panyaporn Wattanapramote ជំនួយការលោកអភិបាលស្រុក បានថ្លែងថា មុនពេលកើតមានអំពើឃាតកម្មនោះ លោកបានទទួលសេចក្ដីរាយការណ៍ពីលោក Thasaphon Thipsak មេឃុំ Tambon Samor Thong ថា មានមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ពីបទចាកចេញពីផ្ទះ នៅក្នុងអំឡុង​ពេលបម្រាមគោចរ ចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៤ព្រឹកទៀបភ្លឺ។

លោកជំនួយការ បានបន្ដថា ក្រោយមានសេចក្ដីរាយការណ៍បែបនេះ លោកបានដឹកនាំក្រុមការងារទៅកាន់ទីនោះ ឃើញលោក  Manop ​មេភូមិ និងក្រុមការងាររបស់គាត់ បានឃាត់ខ្លួន ឈ្មោះ Churat និង ព្រះសង្ឃ ព្រះនាម Phra Chonlathan។ រីឯយានយន្ដ និងសម្ភារផ្សេងៗ ក៏ត្រូវបានរឹបអូស។

លោកជំនួយការ បានបន្ដថា ខណៈលោកកំពុងធ្វើសេចក្ដីរាយការណ៍តាមទូរស័ព្ទ អំពីការរំលោភបំពានបម្រាមគោចរទៅជូនលោកអភិបាលស្រុក ស្រាប់តែលោកបានឮស្នូរកាំភ្លើងផ្ទុះឡើង។ ភ្លាមៗនោះ លោក​បាន​ទៅពិនិត្យមើលឃើញមេភូមិបាញ់សម្លាប់ព្រះសង្ឃមួយអង្គ និងពលរដ្ឋម្នាក់។

ដោយឡែក ជនសង័្សយឈ្មោះ Manop បានអះអាងប្រាប់ប៉ូលិស ក្នុងអំឡុងពេលសួរចម្លើយថា គាត់ឃើញព្រះសង្ឃអង្គនោះ ដកកាំភ្លើងខ្លី និងពលរដ្ឋឈ្មោះ Churat ដកកាំបិតចុងស្រួច។ ឃើញបែបនេះ គាត់មាន​អារម្មណ៍ភិតភ័យយ៉ាងខ្លាំង ហើយជឿថា ពួកគេនឹងចាក់គាត់ ទើបគាត់បាញ់រះចំនួន៣គ្រាប់សំដៅទៅលើព្រះសង្ឃ និងបុរសម្នាក់នោះតែម្ដង។

ប៉ូលិសថៃ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ ប៉ូលិសបានចាប់មេភូមិ​ នាំទៅឃុំឃាំង ដើម្បីស៊ើបអង្កេតលើករណីនេះបន្ដទៀត។ ក្រៅពីនេះ ប៉ូលិសនឹងបន្ដប្រមូលភស្ដុតាងបន្ថែមជុំវិញករណីឃាតកម្មខាងលើ។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ព្រះចៅអធិការ Phra Chonlathan មានភាពល្បីល្បាញ ក្នុងការដឹកនាំអ្នកស្រុកអភិវឌ្ឍ នៅក្នុងស្រុក Tha Chana និងកសាងសមិទ្ធផលផ្សេងទៀត មានទាំងការដាំដើមឈើ​ …ជាដើម រហូតទទួលបានរង្វាន់ Hemmarat ផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9108779