ក្រសួងសុខាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី៧ ខែមេសា បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២៧នាក់ បានជាសះស្បើយ ហើយនឹងអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ក្នុងពេលដ៏ខ្លីខាងមុខ។ នេះជារឿងដ៏ល្អប្រសើរបំផុត ដែលមានអ្នកជាសះស្បើយច្រើនបែបនេះ។
ក្នុងចំណោមអ្នកជំងឺ២៧នាក់ ជាសះស្បើយក្នុងថ្ងៃនេះ រួមមាន ៧នាក់ជាជនបរទេស និង២០នាក់ ជាជនជាតិវៀតណាម។ ប៉ុន្តែអ្នកជំងឺដែលជាសះស្បើយថ្មីនេះ នឹងត្រូវបន្តកាត់ផ្តាច់ រយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព ថាតើនឹងមានអ្វីប្រែប្រួលទៀត។
បើគិតមកដល់រសៀលថ្ងៃទី៧ ខែមេសានេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ ហើយត្រូវព្យាបាលជាសះស្បើយ កើនឡើងដល់១២២នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់២៤៥នាក់ តែមិនមានអ្នកស្លាប់នោះឡើយ។
វៀតណាម ជាប្រទេសទទួលបានជោគជ័យខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ ដោយសារតែវៀតណាមបានរឹតបន្តឹង ចាប់តាំងពីការផ្ទុះឡើងនាថ្ងៃដំបូង និងត្រួតពិនិត្យរាល់អ្នកដំណើរចេញចូលថ្មី នៅក្នុងតំបន់របស់ខ្លួន។ រីឯអ្នកចូលមកថ្មី ក៏ត្រូវដាក់ឲ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ៕ ប្រែសម្រួលដោយ៖ MEO