តាមការចេញផ្សាយរបស់ប្រភព AP នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ចិន និងរុស្ស៊ី បាននិងកំពុងបិទព្រំដែនគោក និងកំពង់ផែរបស់ពួកគេនៅជិតទីក្រុង Vladivostok បន្ទាប់ពីវីរុស COVOD-19 ឆ្លងកាត់តាមប្រជាជនចិនដែលវិលត្រឡប់ពីរុស្ស៊ីនោះ រកឃើញវិជ្ជមានចំនួន៥៩ករណី ។
ស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Vladivostok បានចេញកំណត់ហេតុណែនាំឲ្យដឹងថា ចាប់ផ្តើមពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋចិនទាំងអស់ដែលមកដល់ព្រំដែនក្នុងតំបន់ តាមជើងហោះហើរក្នុងស្រុក និងក្រៅប្រទេសជាមួយរុស្ស៊ីក្តី ត្រូវតម្រូវឲ្យស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន មុនពេលអនុញ្ញាតឲ្យចូលទៅក្នុងប្រទេស ។
សេចក្តីណែនាំនេះបន្តទៀតថា ទាល់តែអ្នកទាំងឡាយណានោះមានលិខិតពិសេស ទើបអនុញ្ញាតឲ្យធ្វើដំណើរនៅខាងភាគីរុស្ស៊ី ក្នុងតំបន់ព្រំដែន ។ គេនៅមិនច្បាស់នៅឡើយថា តើអ្នកដែលមានលិខិតអនុញ្ញាតពិសេសនោះ អាចឆ្លងកាត់ចូលទៅកាន់ទឹកដីចិនដែរឬយ៉ាងណានៅឡើយទេ ។
លិខិតណែនាំបន្តថា រាល់ផ្ទះសំណាក់, ទីតាំងគិលានុបដ្ឋាក នៅខាងភាគីរុស្ស៊ីទាំងអស់តាមបន្ទាត់ព្រំដែន មិនបើកបម្រើជូនដល់អ្នកមកពីខាងក្រៅនោះឡើយ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។ ដូច្នេះ ស្ថានអគ្គកុងស៊ុលសូមអំពាវនាវដ៏ទទូច និងរំលឹកដល់ប្រជាជនចិនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងពិចារណាចំពោះស្ថានការខាងលើនេះ ហើយមិនត្រូវស្វះស្វែងរកការវិលត្រឡប់ទៅកាន់ប្រទេសចិនតាមរយៈការឆ្លងកាត់ព្រំដែននេះទេ ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសរុស្ស៊ី វីរុស COVID-19 ឆ្លងលើមនុស្សសរុប ៧ ៤៩៧នាក់ ក្នុងនោះបាត់បង់ជីវិត៥៨នាក់ និង៤៩៤នាក់បានជាសះស្បើយវិញផងដែរ គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat