ទោះជីវភាពមិនធូរធារ ប៉ុន្តែស្ដេចប្រដាល់ ឃុន ឌីម៉ា ប្រកាសកាត់ប្រាក់បៀវត្ស១០ម៉ឺនរៀល៥ខែ ប្រយុទ្ធកូវីដ១៩
ភ្នំពេញ៖ លោកអនុសេនីយ៍ត្រី ឃុន ឌីម៉ា ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានី បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ផេកកងរាជអាវុធហត្ថរាជធានី។
គួរបញ្ជាក់ថា ឃុន ឌីម៉ា ត្រូវបានគេស្គាល់ជាទូទៅថា ជាកំពូលកីឡាករប្រដាល់បុរាណខ្មែរដ៏ឆ្នើមម្នាក់របស់កម្ពុជា ។ ឃុន ឌីម៉ា ក៏ជាម្ចាស់មេដាយមាសប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ បន្ទាប់មកមានមន្ត្រីជាច្រើនបានដើរគន្លងសម្ដេច បរិច្ចាគប្រាក់បៀវត្សជាបន្តបន្ទាប់៕ ដោយ៖ តារា