ត្រូវបានបោះបង់ចោល ពេលដែលនៅតាមទីក្រុងធំៗទាំងឡាយរបស់ប៉ាគីស្ថាន បានស្ថិតនៅក្នុងដំណាក់កាលនៃការបិទនោះ, សត្វឆ្មាដាក់នៅក្នុងទ្រុងរាប់រយក្បាល, សត្វឆ្កែ និងសត្វទន្សាយ ត្រូវបានគេរកឃើញងាប់នៅក្នុងផ្សារលក់សត្វចិញ្ចឹម ដោយសារតែអត់ឃ្លានអាហារ ខណៈជំងឺ COVID-19 ឆ្លងរាលដាល ។
សត្វពាហនៈមួយចំនួនដែលនៅរស់ ហើយត្រូវបានប្រទះឃើញនៅក្នុងផ្សារ Empress ទីក្រុងការ៉ារជីនោះ ត្រូវបានជួយសង្គ្រោះ ពេលដែលក្រុមសកម្មជន អំពាវនាវឲ្យអាជ្ញាធរជួយយកចិត្តទុកដាក់។
ក្នុងអំឡុងពេលបិទទីក្រុងរយៈពេលពីរសប្តាហ៍នោះ គេអាចឮសំឡេងសត្វពាហនៈស្រែកលូកងរំពងចេញពីទីតាំងនានាដែលបិទទ្វារ ។ ជាក់ស្តែងសត្វពាហនៈទាំងនោះមានប្រហែល១ពាន់ក្បាល ។
ក្រុមអ្នកសង្គ្រោះសត្វពាហនៈបានប្រាប់ប្រភព AFP ថា នៅពេលដែលចូលទៅខាងក្នុងទីតាំងទាំងនោះ សត្វពាហនៈប្រហែល៧០ភាគរយបានងាប់ ពាស់ពេញនៅលើដី ។ ឃើញហើយពិតជាតក់ស្លុតរន្ធត់ចិត្តជាពន់ពេកណាស់ ។
ភាពអត់ឃ្លាន និងជាប់សោនៅក្នុងទ្រុងងងឹតគ្មានពន្លឺ ឬខ្យល់អាកាស, សត្វចិញ្ចឹមដែលនៅរស់ទាំងនោះ អង្គុយក្នុងចំណោមសត្វដទៃផ្សេងទៀតដែលងាប់ និងមានអការញាប់ញ័រខ្លួនទទ្រើក ។
ខណៈដែលវីរុសឆ្លងរាតត្បាតកាន់តែកើនឡើង, ទីក្រុងសំខាន់ៗរបស់ប៉ាគីស្ថានត្រូវបានប្រកាសឲ្យបិទ បង្ខំឲ្យតូបទាំងឡាយត្រូវបិទទ្វារផងដែរ ។ មានតែតូបលក់ទំនិញសំខាន់ៗ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យប៉ុណ្ណោះ អនុញ្ញាតឲ្យបើកទ្វារលក់ដូរ ។
នៅភាគខាងកើតទីក្រុង Lahore សត្វចិញ្ចឹមទាំងឡាយបានជួបវាសនាមិនខុសគ្នាខាងលើនេះប៉ុន្មានឡើយ ។
ខ្មោចឆ្កែប្រហែល២០ក្បាល ត្រូវបានរកឃើញបោះចោលនៅក្នុងលូមួយកន្លែង នៅជិតផ្សារ Tollinton ។ ផ្សារនេះជាមជ្ឈមណ្ឌលលក់សត្វចិញ្ចឹមដ៏ល្បីល្បាញ ត្រូវបានបិទទ្វារ បន្សល់ទុកមកនូវសត្វពាហនៈជាច្រើនក្បាលអត់អាហារ ។
អ្នកសង្គ្រោះសត្វពាហនៈម្នាក់ឈ្មោះ Kiran Maheen បានសង្គ្រោះសត្វចិញ្ចឹមប្រហែលបួនដប់ក្បាលផងដែរ ក្នុងនោះមានសត្វឆ្កែ, ឆ្មា និងសត្វទន្សាយជាដើម បន្ទាប់ពីសុំការអនុញ្ញាតពីអាជ្ញាធរឲ្យចូលទៅខាងក្នុងផ្សារ ។ ប៉ុន្តែសត្វពាហនៈចំនួនច្រើនក្បាលផ្សេងទៀតបានងាប់ ។
Maheen បានប្រាប់ប្រភព AFP ថា «នៅពេលប៉ូលិសបើកកន្លែងចាក់សោនោះ បានឃើញសត្វពាហនៈជាច្រើនងាប់រួចហើយនៅខាងក្នុងនោះ ។ សត្វពាហនៈភាគច្រើនថប់ដង្ហើម ដោយសារតែកង្វះខ្យល់អាកាស ។
គួរបញ្ជាក់ថា ទាក់ទងជំងឺ COVID-19វិញ អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងប្រទេសនេះ មានឆ្លងសរុប ២ ៩០០ នាក់ ក្នុងនោះ៤៥នាក់បានបាត់បង់ជីវិត ។ ប្រភពខ្លះទៀតអះអាងថា តួលេខពិតប្រាកដអាចច្រើនជាងនេះ ដោយសារតែការធ្វើតេស្តមានកម្រិតនៅក្នុងប្រទេសក្រីក្រ ហើយមានប្រជាជនច្រើនជាង២១៥លាននាក់នេះ ។
បើតាមអ្នកជំនាញអះអាងថា ប្រជាពលរដ្ឋប៉ាគីស្ថានប្រហែល២៥ភាគរយបានស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្ររួចហើយ ។ ប៉ុន្តែប្រជាជនរាប់លាននាក់ផ្សេងទៀត ដែលរកចំណូលមួយថ្ងៃសម្រាប់រស់មួយថ្ងៃនោះ ក៏បានស្ថិតចូលក្នុងដំណាក់កាលអាសន្ន ចាប់តាំងពីពេលដែលការប្រកាសឲ្យបិទប្រទេសនោះរហូតមក ៕ ប្រែសម្រួលដោយ៖ thach yat