ភ្នំពេញ៖ ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញការសម្រេចបន្ទាន់មួយ ពាក់ព័ន្ធនឹងការផ្អាកការឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹងភ្លាមៗ ទាក់ទងការសម្រេចរបស់ប្រមុខរដ្ឋភិបាលដូចគ្នា។
ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅរសៀលថ្ងៃអង្គារ៍ ទី៧ ខែមេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចឲ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករ-កម្មការិនី បន្តធ្វើការដូចធម្មតា អំឡុងថ្ងៃចូលឆ្នាំខ្មែរ (ថ្ងៃទី១៣-១៦) ដោយថ្ងៃឈប់នឹងសងជូនវិញរយៈពេល ៥ថ្ងៃ នៅពេលស្ថានភាពជំងឺកូវីដ ១៩ ស្ងប់ស្ងាត់។
ទោះជាយ៉ាងណា ក្រសួង មិនទាន់បានចេញកាលបរិច្ឆេតជាក់លាក់ ពីថ្ងៃឈប់សម្រាកសង ដែលមានរយៈពេល ៥ថ្ងៃ នៅឡើយទេ ដោយអះអាងនឹងជូនដំណឹងនៅពេលក្រោយ។
ក្នុងខ្លឹមសារសេចក្តីជូនដំណឹងនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករ-កម្មការិនី អនុវត្តទៅតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ឆ្នោត