ខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva របស់ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានរាយការណ៍ថា កំពុងត្រៀមចាកចេញពីទឹកដី Parc des Princes ក្រោយចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់ខ្លួនត្រូវអស់សុពលភាពជាមួយក្លិបនៅចុងឆ្នាំនេះ។
យោងតាមលោក Paulo Tonietto ដែលជាភ្នាក់ងាររបស់ខ្សែការពារប្រេស៊ីលខាងលើ បានឱ្យដឹងថា ក្រោយចប់រដូវកាលនេះជាមួយ Silva នឹងចាក់ចេញពីក្លិប PSG ហើយអាចនឹងទៅចូលរួមជាមួយក្លិបចាស់ AC Milan វិញនៅរដូវកាលក្រោយ។
Silva មិនត្រូវបានក្លិបផ្តល់កិច្ចសន្យាថ្មីឱ្យនោះទេ ក្រោយរូបគេមានវ័យ ៣៥ឆ្នាំ ទៅហើយ ដោយក្លិបកំពុងតែឱ្យខ្លួនគេផ្ទាល់ស្វែងរកទ្រនំថ្មីសម្រាប់ខ្លួនឯង មុនពេលប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះនៅពេលខាងមុខ។
ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិប PSG ទិញមកពី Milan កាលពីឆ្នាំ២០១២ ជាមួយតម្លៃផ្ទេរ ៤២លានអឺរ៉ូ។
ក្រោយផ្លាស់មកពីចូលរួមជាមួយ PSG ជាង ៨ឆ្នាំ មកនេះ Silva ធ្លាប់ជួយឱ្យក្លិបអ្នកមានបារាំងឈ្នះពានរង្វាន់ Ligue 1 ចំនួន ៦ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore