ភ្នំពេញ៖ គិតមកត្រឹមថ្ងៃនេះ រោងចក្រជាង ១០០ហើយទូទាំងប្រទេសត្រូវបានបិទទ្វារ ដោយសារវិបត្តិរីករាលដាលជំងឺកូវីដ១៩ ។ នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្និភាព នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រោងចក្រជាង ១០០ ដែលបានបិទទ្វារជាបណ្ដោះអាសន្ននេះ គឺមកពីកត្តាធំៗចំនួន ៣ ក្នុងវិបត្តិការរីករាលដាលវីរុសកូវីដ១៩ ដែលធ្វើឱ្យកម្មករ-កម្មការិនី ខ្ទង់ម៉ឺននាក់ បាត់បង់ការងារធ្វើ អំឡុងពេលអាសន្ននេះ។
កត្តាធំៗចំនួន ៣ ទាំងនោះរួមមាន៖
-ការខ្វះខាតវត្ថុធាតុដើម ដែលភាគច្រើននាំយកពីប្រទេសចិន ។ បើទោះបីជាចិន គ្រប់គ្រង់ស្ថានការជំងឺកូវីដ១៩ បានទាំងស្រុងក៏ដោយ ដែលស្ទើរគ្មានអ្នកឆ្លងទាល់តែសោះក្នុងមួយរយៈចុងក្រោយនេះ ប៉ុន្តែសកម្មភាពផលិតកម្ម នៅមិនទាន់ដំណើរពេញលេញនៅឡើយទេ ដែលនេះជាហេតុធ្វើឱ្យខ្វះខាតវត្ថុធាតុដើម សម្រាប់បណ្ដាលប្រទេសមួយចំនួន រួមទាំងកម្ពុជាយើងផងដែរ។
-គ្មានអ្នកបញ្ជាទិញ ព្រោះថា ទំនិញស្ទើរតែទាំងអស់របស់កម្ពុជា ទទួលការបញ្ជាទិញពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។ ដូចយើងដឹងហើយថា ទាំងអាមេរិក និងអឺរ៉ុប កំពុងទទួលការគំរាមគំហែងយ៉ាងខ្លាំងពីរីករាលដាលជំងឺកូវីដ១៩។
-មានអ្នកបញ្ជាទិញ ប៉ុន្តែមិនទាន់ទទួលយកទំនិញ កត្តានេះក៏ជារឿងមួយឈឺក្បាលផងដែរ ព្រោះតែប្រទេសបញ្ជាទិញទាំង សុទ្ធសឹងតែដាក់ប្រទេសក្នុងគ្រាអាសន្នអស់ទៅហើយ ដែលមិនអាចដឹកទំនិញទៅកាន់ប្រទេសទាំងនោះបាន។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការព្យួរការងាររបស់កម្មករ-កម្មការិនី អំឡុងវិបត្តិជំងឺកូវីដ១៩ ផងដែរ ដែលកាលពីគ្រាមុនភាគីខាងរោងចក្រ បង់ឱ្យ ៤០% និងរដ្ឋបង់ឱ្យ ២០% ដល់អ្នកដែលត្រូព្យួរការងារទាំងអស់ ដោយទទួលបាន ៦០% ជារៀងរាល់ខែ ប៉ុន្តែនៅមុននេះបន្ដិចសម្ដេចបានបញ្ជាក់ជាថ្មីថា ខាងរោងចក្រគ្មានលទ្ធផលបង់ជារៀងរាល់ខែចំនួន ៤០%នោះទេ ដោយបច្ចុប្បន្នសម្ដេចថា កម្មករ-កម្មការិនីដែលព្យួរការងារទាំងអស់ នឹងទទួលបានត្រឹមតែ ៧០ដុល្លារប៉ុណ្ណោះក្នុង១ខែ ដោយទទួលបាន ៤០ដុល្លារពីរដ្ឋាភិបាល និង ៣០ដុល្លារពីរោងចក្រ។
សម្ដេចក៏បញ្ជាក់ថា ទោះបីប្រាក់ប្រចាំខែទទួលបានតិចជាមុនក៏ដោយ ប៉ុន្តែកម្មករ-កម្មការិនីដែលផ្អាកការងារទាំងអស់ មិនតម្រូវឱ្យទៅរៀនជំនាញទន់រយៈពេល ៤ខែទៀតនោះឡើយ ណាមួយសាលាបណ្ដុះបណ្ដាលទាំងអស់ទូទាំងប្រទេសបានបិទទ្វាអស់ហើយ៕ ដោយ៖ តារា