ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍ថា កំពុងត្រៀមដាក់លក់ខ្សែបម្រើកណ្តាល Miralem Pjanic នៅក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថាក្លិបសេះបង្កង់នឹងដាក់លក់ខ្សែបម្រើសញ្ជាតិបូស្នៀខាងលើក្នុងតម្លៃ ៥០លានអឺរ៉ូ ប្រសិនបើក្លិបណាចង់បាននៅរដូវក្តៅនេះ។
Pjanic បានចាប់ផ្តើមរដូវកាលថ្មីមិនសូវបានល្អសោះ ក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅរដូវកាលនេះ។ អ្នកចាត់ការក្លិបរូបនេះ កំពុងតែពេញចិត្តនឹងទម្រង់លេងរបស់ខ្សែបម្រើ Bentancur ដោយលោកតែងតែផ្តល់ឱកាសលេងជាកីឡាករជម្រើសដំបូងសម្រាប់រូបគេ ហើយ Pjanic ស្ថិតក្នុងកៅអីបម្រុងមួយរយៈចុងក្រោយនេះ។
យ៉ាងណាមិញ លោក Sarri កំពុងតែបើកភ្លើងខៀវសម្រាប់ខ្សែបម្រើសញ្ជាតិបូស្នៀរូបនេះក្នុងការស្វែងរកទ្រនំថ្មី ក្រោយក្លិបគ្រោងនឹងនាំយកខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ត្រឡប់មកទឹកដី Turin វិញ។
សម្រាប់រដូវកាលនេះ Pjanic រកបាន ៣គ្រាប់ ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ២២ប្រកួត កន្លងទៅ ខណៈកុងត្រាជាមួយក្លិបនឹងត្រូវអស់សុពលភាពនៅឆ្នាំក្រោយ។
គួររំលឹកដែរថា Pjanic ត្រូវបានក្លិប Juventus ទិញមកពី AS Roma កាលពីឆ្នាំ២០១៦ ជាមួយតម្លៃផ្ទេរ ៣២លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato