គណៈកម្មការសុខាភិបាលរបស់រដ្ឋចិន បានបញ្ជាក់ថា ពុំមានករណីអ្នកជំងឺ COVID-19 បាត់បង់ជីវិត សូម្បីតែម្នាក់កើតឡើង នៅក្នុងប្រទេសចិន ក្នុងរយៈពេល២៤ម៉ោង បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមក។ នេះជាករណីដំបូងគេបំផុតដែលពុំមានករណីបាត់បង់ជីវិត ដោយសារកូវីដ១៩។
បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputniks នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា គណៈកម្មការសុខាភិបាលរបស់រដ្ឋចិន បានបញ្ជាក់ថា ជំងឺ COVID-19 ឆ្លងថ្មី នៅក្នុងប្រទេសនេះមានចំនួន៣២ករណី។ ទាំង៣២ករណីនេះ គឺមកពីប្រភពខាងក្រៅទាំងអស់។ ចំណែកអ្នកជំងឺ៨៩នាក់ បានចាកចេញពីមន្ទីរពេទ្យផងដែរ (២៤ ម៉ោង) ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រភពចម្លង COVID-19 ពីខាងក្រៅចូលមកខាងក្នុងប្រទេសចិន មានចំនួន៩៨៣ករណី ក្នុងនោះ៦៩៨នាក់ធ្លាក់ខ្លួនឈឺ ហើយ២១នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្នុងនោះ២៨៥នាក់បានជាសះស្បើយ ។
គណៈកម្មការសុខាភិបាលរបស់រដ្ឋចិន បានបញ្ជាក់ថា ព័ត៌មានទទួលបានពីខេត្តចំនួន៣១របស់ប្រទេសចិន ស្តីអំពីករណីជំងឺ COVID-19 នេះ មានសរុប ៨១ ៧៤០ នាក់ ក្នុងនោះអ្នកជំងឺ ១ ២៤២ នាក់កំពុងស្ថិតក្នុងការព្យាបាល ហើយក្នុងនោះ២១១នាក់ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ។ អ្នកជំងឺ ៧៧ ១៦៧ នាក់បានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យ។ រីឯអ្នកជំងឺបាត់បង់ជីវិត មាន ៣ ៣៣១ នាក់ ។
គួរបញ្ជាក់ថា វីរុស COVID-19 ដែលផ្ទុះឡើងដំបូងគេ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាលរបស់ប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ វីរុស COVID-19 បានឆ្លងរាតត្បាតពាសពេញពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ១,៣លាននាក់ ក្នុងនោះជាង ៧៤,០០០នាក់បាត់បង់ជីវិត (តួលេខចុងក្រោយបំផុត) ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាត៕ ប្រែសម្រួលដោយ៖ thach yat