នៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ត្រូវបានកត់ត្រាថាមានអ្នកបាត់បង់ជីវិតជាង៨៣៣នាក់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោង ។ នេះជាការបាត់បង់ជីវិតដ៏ច្រើនបំផុត ចាប់តាំងតែពីពេលផ្ទុះជំងឺរាតត្បាតនេះចាប់ផ្តើមវាយលុកមក។ នេះបើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន france 24 ។
លោក Olivier Véran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានថ្លែងប្រាប់ប្រភពព័ត៌មានថា «យើងមិនទាន់ឈានដល់ទីបញ្ចប់ នៃការឆ្លងរាតត្បាតនៃជំងឺនេះទេ» ។ ការថ្លែងរបស់រដ្ឋមន្ត្រីសុខាភិបាលបារាំងបែបនេះ គឺនៅបន្ទាប់ពីទិន្ធន័យអំឡុងប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បានល្អប្រសើរខ្លះៗផងដែរ។
លោក Olivier Véran បានបញ្ជាក់ថា តួលេខបាត់បត់ជីវិតថ្មីៗបំផុតនេះ បាននាំឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិត នៅក្នុងប្រទេសបារាំង ចាប់តាំងពីពេលមានជំងឺរាតត្បាត កើនឡើង ៨ ៩១១នាក់ ។
នេះជាការរំឭកដាស់តឿនដល់ប្រជាជនបារាំង ដែលកំពុងស្ថិតនៅក្នុងការបិទប្រទេសតាំងពីថ្ងៃទី១៧ ខែមីនា រហូតមកនោះបានដឹងថា ការប្រយុទ្ធប្រឆាំងជាមួយវីរុស COVID-19 នេះ នៅឆ្ងាយសន្លឹមទៀត ក្នុងការទទួលបានជ័យជម្នះ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងមក បារាំងបានផ្តល់តួលេខអ្នកបាត់បង់ជីវិតតែនៅក្នុងមន្ទីរពេទ្យ ។ ដោយឡែកករណីនៅតាមគ្លីនិកមូលដ្ឋានមិនបានចេញប្រកាសនោះឡើយ ហើយទើបតែនៅពេលនេះទេ គេបានបញ្ចូលគ្នាទាំងអ្នកបាត់បង់ជីវិតនៅមន្ទីរពេទ្យរដ្ឋ និងនៅតាមគ្លីនិក ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសបារាំង គិតមកត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ របស់គេហទំព័រ wikipedia បានអះអាងថា មានអ្នកឆ្លងវីរុស COVID-19 សរុបចំនួន ៧៤ ៣៩០នាក់ ក្នុងនោះបាត់បង់ជីវិត ៨៩១១នាក់ និង១៧ ២៥០នាក់ បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat