ដើម្បីប្រាកដថាយុវជនយល់ដឹងកាន់តែជាក់ច្បាស់ពីវិធីការពារខ្លួនពីការឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះដែលគេហៅថា COVID-19 និងវិធានការណ៍ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍ Project Inspire បានរៀបចំ សិក្ខាសាលាស្តីពី “វិធីសាស្ត្រការពារខ្លួនពីការឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 និងការជះឥទ្ធិពលដល់សង្គមនិងសេដ្ឋកិច្ច” តាមប្រព័ន្ធអុីនធឺណេត។ កម្មវិធីនេះមានការចូលរួមពី វេជ្ជបណ្ឌិត ហាវ មុនីរ័ត្ន ដែលគាត់បានធ្វើការបកស្រាយពី វីធីសាស្ត្រកាត់បន្ថយអត្រានៃការរីករាលដាលរបស់ COVID-19 និង លោក ហាហ្សាន់ អុីលយ៉ាសគ្គិ ដែលបានបកស្រាយពី ព័ត៌មានដែលគ្មានវិជ្ជាជីវ: និងវិធីសាស្ត្រសម្គាល់ព័ត៌មានដែលត្រឹមត្រូវ។
៣ ចំនុចសំខាន់ៗដែលអ្នកត្រូវយល់ដឹងពី COVID-19 មានដូចជា៖
1. នៅពេលខាងមុខ ដើម្បីបង្ការកុំអោយមានការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ ប្រជាជនចំនួន៦៧%គួរតែទទួលចាក់វ៉ាកសាំងដើម្បីបង្កើតបណ្តុំនៃប្រពន្ធ័ស៊ាំសំរាប់ការពារពីការឆ្លងពីមួយទៅមួយ។ នេះបើតាមការគណនារបស់គ្រូពេទ្យវេជ្ជសាស្ត្រ។
2. ក្នុងពេលដែលប្រទេសយើងកំពុងប្រតិបត្តិគម្លាតសង្គម យើងប្រហែលជាមានលទ្ធភាពនៅផ្ទះដោយមិនចាំបាច់ធ្វើការ ប៉ុន្តែក៏មានមនុស្សជាច្រើនណាស់ ដែលមិនអាចធ្វើដូចជាយើងបាន ដោយពួកគាត់មានបញ្ហាសេដ្ឋកិច្ច ឬលក្ខខណ្ឌការងារមិនអំណោយផលដល់ការឈប់សម្រាកបាន។ ក្នុងនោះរួមមានដូចជា កម្មករសំណង់ ក្រុមគ្រូេពទ្យ មន្ត្រីរាជការស៊ីវិល ជាដើម។ យើងគួរសាមគ្គីជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។
3. ប្រទេសកូរ៉េខាងត្បូងជាប្រទេសមួយ ដែលបានធ្វើការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 យ៉ាងមានប្រសិទ្ធិភាព។ ប្រទេសកូរ៉េខាងត្បូងបានធ្វើអន្តរាគមន៍ភ្លាមៗ នៅពេលដែលវីរុសនេះផ្ទុះឡើងនៅក្នុងប្រទេសរបស់ខ្លួន ដូចជា៖
- ការកម្រិតសកម្មភាពរបស់ប្រជាជនតាំងពីខែមករា ២០២០
- ការតាមដានប្រវត្តិទំនាក់ទំនងរបស់អ្នកជំងឺផ្ទុកវីរុសCOVID-19 តាមរយៈប្រពន្ធ័អេឡិចត្រូនិចលើទូរសព្ទ និង ប្រវត្តិប្រើកាតធនាគារ
- ការគ្រប់គ្រងចង្វាក់ផលិតកម្មដែលឆ្លើយតបទៅកាន់តម្រូវការឡើងចុះយ៉ាងឆាប់រហ័ស
- កន្លែងលក់ទំនិញតាមទីតាំងច្រើនងាយស្រួលទប់ស្កាត់កុំអោយប្រជាជនដើរហើរឆ្ងាយ។
ជាចុងក្រោយ Project Inspire សូមអរគុណសំរាប់វាគ្មិនកិត្តិយស និងអ្នកចូលរួមកម្មវិធី ស្តីពីCOVID19 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០
អត្ថបទដោយ៖ កញ្ញា ហេង សុផារ៉ានី (សមាជិករបស់ Project Inspire)