នៅក្នុងរឿងគំនូរជីវចលក្ដី ក្នុងរឿងបុរាណក្ដី យើងតែងសង្កេតឃើញការប្រើសត្វព្រាបក្នុងការពាំនាំសំបុត្រឬសារលិខិតផ្សេងៗពីកន្លែងមួយទៅកន្លែងមួយឆ្ងាយពីគ្នា។ យើងក៏តែងឆ្ងល់ថាតើសត្វនេះមានសមត្ថភាពអ្វីពិសេសទើបអាចប្រើជាអ្នកនាំសារបាន?
តាមពិតទៅព្រាបត្រូវបានប្រើសម្រាប់ផ្ញើសារតាំងពីសម័យបុរាណតាំងពីជាង ៣ ពាន់ឆ្នាំមុនម្ល៉េះរហូតដល់ ដើមសតវត្សទី២០ ក្នុងកំឡុងសង្គ្រាមលោកលើកទី១។ គេចាប់ផ្ដើមប្រើវានាំសារក្រោយសង្កេតឃើញថា ទោះបីនាំវាទៅឆ្ងាយរាប់គីឡូពីផ្ទះ ក៏វាអាចរកផ្លូវមកផ្ទះវិញឃើញដែរ។
ព្រាបអាចនាំសារពីកន្លែងមួយទៅកន្លែងមួយបានដោយសារសត្វបក្សីនេះមានសមត្ថភាពពិសេសនៃការហោះហើរត្រលប់ទៅរកគោលដៅដំបូងវាវិញក្នុងរយៈចម្ងាយឆ្ងាយ និងលឿនរហ័សទាន់ចិត្ត។ ម្យ៉ាងវាក៏អាចហើរក្នុងកម្ពស់ខ្ពស់ដែលសត្រូវពិបាកនឹងចាប់បាន។
ព្រាបអាចហើយត្រឡប់មកគោលដៅដើមវិញ បន្ទាប់ពីហើរបានជាង ២៥០០ គីឡូម៉ែត្រក្នុងល្បឿនអតិបរមា ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
មានការសន្និដ្ឋានថា សត្វព្រាបអាចត្រឡប់មកកាន់គោលដៅដើមដូច្នេះដោយប្រើប្រភពជាច្រើនដូចជា ទិសដៅព្រះអាទិត្យ ម៉ាញ៉េទិចរបស់ផែនដី និង ក្លិនតាមផ្លូវពីគោលដៅដើមទៅគោលដៅចុងក្រោយ។ នេះជាអំណោយទានធម្មជាតិដ៏ពិសេសដែលមនុស្សនិងសត្វដទៃមិនមានដូច។
តែមកទល់បច្ចុប្បន្ន ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យា ការបញ្ជូនសារត្រូវបានគេធ្វើតាមរយៈអេឡិចត្រូនិច ដែលវាមានភាពច្បាស់ការជាង ស្រួលជាង រហ័សជាង និងគួរឱ្យទុកចិត្តជាង៕