ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍ថា កំពុងត្រៀមនាំយកកីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba របស់ក្លិបបិសាចក្រហម Manchester United ត្រឡប់ទៅកាន់ទឹកដីអ៊ីតាលីវិញនៅរដូវក្តៅនេះ។
យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថា ក្លិបសេះបង្កង់កំពុងគិតពិចារណានាំយកខ្សែបម្រើ Pogba មកកាន់ក្របខណ្ឌ Serie A សារជាថ្មី ជាមួយនឹងលក្ខខណ្ឌពិសេសមួយគឺ ផ្តល់កីឡាកររបស់ខ្លួនចំនួនបីរូបជាថ្នូរទៅឱ្យក្លិបបិសាចក្រហម ដែលរួមមានដូចជា Miralem Pjanic, Douglas Costa និង Federico Bernardeschi។
បច្ចុប្បន្ន កីឡាករទាំងបីនាក់នេះពុំសូវមានឱកាសចូលលេងឱ្យក្លិបនោះទេក្រោមការដឹកនាំរបស់លោក Sarri នៅរដូវកាលនេះ ហើយក៏ជាមុខសញ្ញាលក់ចេញនៅរដូវក្តៅនេះផងដែរ។
យ៉ាងណាមិញ លោក Fabio Paratici ដែលជាប្រធានមន្រ្តីបាល់ទាត់របស់ក្លិប Juventus កំពុងតែត្រៀមផ្តល់កីឡាករបីរូបខាងលើទៅឱ្យ Man Utd ដើម្បីជាការដោះដូរជាមួយនឹង Pogba ដែលជាអតីតខ្សែបម្រើរបស់ខ្លួន។
សម្រាប់រដូវកាលនេះ Pogba បានមានបញ្ហារបួសតាំងពីដើមរដូវកាលមកម្ល៉េះ ដែលធ្វើឱ្យឱកាសចូលលេងសម្រាប់ក្លិបបានតែ ៧ប្រកួតប៉ុណ្ណោះ។
គួររំលឹកដែរថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ត្រូវបានក្លិប Man Utd ទិញពី Juventus នៅឆ្នាំ២០១៦ ជាមួយតម្លៃផ្ទេរ ១០៥លានអឺរ៉ូ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato