ភ្នំពេញ៖ ម្ចាស់ចតទុកមុខផ្ទះទៅហូបបាយមិនដកសោរ ត្រូវចោរពីរនាក់ជិះម៉ូតូយកទៅបាត់ប្រមោល។ ករណីលួចនេះកើតឡើងកាលវេលាម៉ោង១នឹង២០នាទី រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូមានឈ្មោះ សួន វណ្ណៈ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ម៉ូតូដែលបាត់ ម៉ាកឌ្រីមសង់ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ-1CW-9665 ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមកចតទុកនៅមុខផ្ទះដោយមិនបានដកសោរចេញនោះទេ ហើយក៏ទៅហូបបាយ ស្របពេលនោះមានជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Beat មកក្បែរម៉ូតូរបស់គាត់រួចក៏ឡើងជិះចេញទៅភ្លាមៗតែម្ដង ជនរងគ្រោះក្រឡេកឃើញក៏រត់ដេញតាមស្រែកថាចោរៗ ប៉ុន្តែគ្មានអ្នកជួយស្ទាក់ចាប់ឡើយ បណ្ដាលឱ្យចោរទាំងពីរ ជិះគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពីត្រូវបានចោរលួចម៉ូតូបាត់ស្រមោល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ៖ សាម