Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កង្វះខាតទឹកធ្វើឲ្យក្រុមឆ្មាំព្រំដែនប្រឆាំងកូវីដ១៩ កាន់តែលំបាក

កងទ័ពវៀតណាម នៅតាមព្រំដែនដាច់ស្រយាល កំពុងតែជួយការពារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តែរហូតមកដល់ពេលនេះ នៅតាមតំបន់ភ្នំមួយចំនួន ក៏កំពុងតែប្រឈមនឹងកង្វះខាតទឹកយ៉ាងខ្លាំង ដោយត្រូវធ្វើដំណើរ​ទៅយកទឹក ក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ។

បើយោងតាមគេហទំព័រ Vnexpress បានផ្សាយ កាលពីថ្ងៃទី៥ ខែមេសា ថា លោក Lu Avinh ជាកងទ័ពការពារព្រំដែនម្នាក់ ​បានធ្វើដំណើរក្នុងចម្ងាយ១០គីឡូម៉ែត្រ ដោយចំណាយពេល ១ម៉ោង ដើម្បីទៅយក​ទឹក​ចំណុះ​២០លីត្រ ពីស្ថានីយព្រំដែនទៅកាន់ចំណុចត្រួតពិនិត្យរបស់គាត់។ ប៉ុស្តិ៍ត្រួតពិនិត្យរបស់លោក ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៣០ ខែមករា នៅបង្គោលព្រំដែនលេខ១៧០ (៣) ស្ថិតក្នុងស្រុកមឿងឃួង ខេត្ត​លាវយ៉ាង។ នៅទីនោះ គេអាចមើលឃើញ ទន្លេ Xanh និងឆាយ ដោយនៅជាប់នឹងរោងចក្រវារីអគ្គិសនីរបស់ចិន។

ប្រភពព័ត៌មានដដែល បានបន្ដថា ដើរចេញពីខ្ទមតូចៗ លោក Vinh និងក្រុមការងាររបស់គាត់​ ត្រូវត្រួតពិនិត្យអ្នកចូលដោយខុសច្បាប់ មកកាន់ប្រទេសវៀតណាម។ ការរឹតបន្ដឹងបែបនេះក៏ជាវិធានការជួយ​ទប់ស្កាត់​ការរីករាល​ដាល នៃវីរុសកូវីដ១៩ផងដែរ។

លោក Vinh បានថ្លែងថា បើមានទឹក គាត់អាចដាក់ដាំទឹកនោះនៅក្នុងកំសៀវចាស់ៗ សម្រាប់ទុកហូប។ ជាធម្មតា ពួកគាត់៤ទៅ៥នាក់នេះ ត្រូវហូបទឹកអស់ប្រហែល១០លី ក្នុងមួយថ្ងៃ។ ដូច្នេះពួកគាត់ត្រូវប្រើប្រាស់​ទឹកច្រើន ដោយរួមទាំងទឹកសម្រាប់លុបលាងខ្លួន និងលុបមុខផងដែរ។

លោក Tan Sanh Nhan ប្រធានប៉ុស្ដិ៍លេខ១៧០ (៣) បានថ្លែងថា យើងត្រូវថែរក្សាការពារព្រំដែនរបស់យើងឲ្យមានសុវត្ថិភាពល្អ។ ដូច្នេះយើងត្រូវប្តូរវេនគ្នា ប្រចាំការនៅប៉ុស្តិ៍ព្រំដែន ដោយរៀងរាល់២ថ្ងៃម្តង ដើម្បីទៅងូតទឹក និងសម្រាក ហើយពេលយើងត្រឡប់មកវិញ ក៏ដឹកទឹកមកជាមួយផងដែរ។

លោកមេប៉ុស្ដិ៍ បានបន្ដថា នៅពេលនេះ ជារដូវក្ដៅ គឺពិតជាមានការខ្វះខាតទឹក ហើយពីប៉ុស្ដិ៍ប្រចាំការរបស់គាត់ទៅកាន់កន្លែងប្រភពទឹកស្អាត មានចម្ងាយរាប់សិបគីឡូម៉ែត្រ។ នៅលើភ្នំនេះ មិនមានប្រភពទឹកនោះទេ ទើបបង្កឲ្យមានការលំបាកច្រើន។

រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាម បានរឹតបន្ដឹង នៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយនឹងប្រទេសជិតខាង ដើម្បីជាវិធានការការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃកូវីដ១៩។ បើគិតត្រឹមវេលាម៉ោង១ និង៣០នាទី​រសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៤១នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩១នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9105606