យ៉ាងម៉េចហើយគ្នីគ្នាយើង? នៅរស់រានមានជីវិត ហើយមានសុខភាពល្អតើហ្អី? ប៉ុន្មានអាទិត្យចុងក្រោយនេះ វប្បធម៌មិនបានចេញមុខផុសច្រើនទាក់ទងនឹងវីរូសកូវីដ ១៩ នេះទេ ព្រោះថា ស្មេរផ្ទាល់គឺអត់មានចំណេះអីពិសេសនឹងចែកចាយឡើយ។ អ្នកផ្សេងគេបាននិយាយគ្រប់ជ្រុងជ្រោយអស់ហើយ!
ហើយស្មេរជឿថា ហ្វេនវប្បធម៌សុទ្ធតែជាមនុស្សពូកែគិតវែកញែក មកដល់ថ្ងៃនេះ អ្នកទាំងអស់គ្នាប្រាកដជាដឹងច្បាស់អស់ហើយពីចំងាយសង្គម (មិនប៉ះពាល់មនុស្សដោយផ្ទាល់ គួរនៅឲ្យឆ្ងាយពីគ្នាយ៉ាងហោច ១.៨ ម៉) លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ក៏ដូចជាការពាក់ម៉ាសការពារខ្លួនផងដែរ។ ដោយសារហ្វេនវប្បធម៌ភាគច្រើនគឺនៅវ័យក្មេងមាំមួន អ្នកដឹងហើយថា ទោះអ្នកឆ្លងជំងឺនេះក៏អ្នកមិនងាយស្លាប់ដែរ តែអ្នកនៅតែគួរការពារខ្លួនអ៊ីចឹង ដើម្បីកុំចំលងវាទៅចាស់ៗ ក៏ដូចជាអ្នកដែលមានសុខភាពខ្សោយស្រាប់។
រូបភាពបានមកពី៖ ស៊ីម៉ារីក តិចណូលេប (CMARIX Technolabs)
មកដល់ត្រឹមនេះ គ្នាយើងភាគច្រើនប្រហែលកំពុងដេកស្តូកនៅផ្ទះ អត់ការងារអីធ្វើច្រើនទេ។ សាលាគេបិទអស់ហើយ ផ្សារក៏ស្ងាត់មនុស្ស ហើយក្រុមហ៊ុនខ្លះក៏បានឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ។ បើយើងមើលស្ថានភាពនេះក្នុងផ្លូវល្អវិញ យើងនឹងឃើញថា នេះជាឱកាសដ៏កំរ ដែលយើងអាចមានពេលវេលាទំនេរជាច្រើន អាចធ្វើអ្វីដែលយើងតែងចង់ធ្វើតែគ្មានពេលបំពេញ! តែងស្រមៃថា ថ្ងៃណាមួយអ្នកនឹងមានពេលដោះស្រាយបញ្ហាក្នុងជីវិតផ្សេង មានពេលរៀនចំណេះថ្មី ពេលនៅជាមួយគ្រួសារ ឬសំរាកខួរក្បាលត្រូវហ្អ៎េ? ឥលូវនេះឱកាសយើងបានមកដល់ហើយ!
ត្រង់ប្រធានបទនេះ ទើបស្មេរអាចបញ្ចេញមតិយោបល់នឹងគេបាន! ខាងក្រោមនេះ ជាសកម្មភាពល្អៗ មានប្រយោជន៍ដែលអ្នកអាចធ្វើបាន ទោះជាស្រុកទេសកំពុងចលាចលន៍រឿងកូវីដក៏ដោយចុះ!
1. បង្កើតកាលវិភាគជីវិតខ្លួនឯង
សំរាប់អ្នកដែលពូកែធ្វើការនៅផ្ទះ ឬមានបទពិសោធន៍រៀនអីខ្លួនឯងហើយនោះ គឺដឹងពីរបៀបគ្រង់គ្រងខ្លួន និងពេលវេលាដោយខ្លួនឯងហើយ។ តែសំរាប់អ្នកដែលធ្លាប់តែពឹងកាលវិភាគសាលា ឬបញ្ជាពីមេកន្លែងធ្វើការនោះ អ្នកប្រហែលជាមិនសូវមានឆន្ទៈរឹងមាំក្នុងការបញ្ជាខ្លួនឯងឲ្យងើបពីគ្រែ ដើម្បីធ្វើការងារដែលមានប្រយោជន៍នោះឡើយ! ប្រសិនបើប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកអត់បានធ្វើអ្វីផ្សេងក្រៅពីអង្គុយចុចទូរស័ព្ទសោះនោះ អ្នកត្រូវភ្ញាក់ខ្លួន ដល់ពេលបង្កើតកាលវិភាគមួយនឹងគេហើយ!
ឧទាហរណ៍ខាងក្រោមនេះគឺកាលវិភាគរបស់ស្មេរផ្ទាល់ ពេលដែលស្មេរនៅផ្ទះ។ ក្នុងមួយអាទិត្យ ខ្ញុំចេញក្រៅផ្ទះតែ ២ ថ្ងៃប៉ុណ្ណោះ ឯ ៥ ថ្ងៃទៀត គឺនៅផ្ទះដើម្បីធ្វើការ អភិវឌ្ឍន៍ខ្លួន និងសំរាក!
5:45 ក្រោកឡើង
6:00 ស្រោចទឹកផ្កា បោសបន្ទប់
6:10 ស្តាប់ធម៌
7:00 អង្គុយសមាធិ និងសរសេរកំណត់ហេតុ
7:30 បន្តសមាធិ ឬ ហាត់យោគៈ
8:00 ងូតទឹក រៀបចំខ្លួន
8:30 ញ៉ាំបាយព្រឹក និងលាងចាន
9:00 ធ្វើការ ហើយឈប់សំរាក ១០ នាទី រាល់ពេលធ្វើការបាន ៥០ នាទីម្តង
12:30 ញ៉ាំបាយថ្ងៃ
1:00 សំរាកក្រោយបាយ ឬដេកថ្ងៃ
2:00 អានសៀវភៅលេង ស្រាវជ្រាវពីអ្វីថ្មី ឬគូររូប (ខ្ញុំមិនងាយធ្វើការពេលថ្ងៃទេ)
4:30 ជិះកង់ដើរលេង ឬជួបជាមួយមិត្តភក្តិ ឬបន្តអានសៀវភៅ និងស្រាវជ្រាវ ឬគូរូប
5:30 កំសាន្តខួរក្បាល៖ អានសៀវភៅ ឬមើលរឿង ឬក៏លេងបណ្តាញសង្គម
7:30 ញ៉ាំបាយល្ងាច ហើយលាងចាន
8:00 កំសាន្តខួរក្បាល៖ អានសៀវភៅ ឬមើលរឿង ឬក៏លេងបណ្តាញសង្គម
9:30 ឬ 10:00 ចូលដេក
ខ្ញុំពិតជាលើកទឹកចិត្តឲ្យគ្នាយើងបង្កើតកាលវិភាគមួយពិតមែន ជាពិសេសអ្នកដែលត្រូវបំពេញការងារ ឬរៀនបន្ថែមខ្លួនឯងនៅផ្ទះដោយសារគេបិទសាលា និងក្រុមហ៊ុនតែម្តង! កុំដាក់ការងារពិបាកៗច្រើនពេក ព្រោះបើពិបាកពេក យើងមិនងាយនឹងគោរពតាមកាលវិភាគហ្នឹងទេ។ តែក៏កុំដាក់ធូរពេកដែរ ព្រោះចឹងយើងគ្មានធ្វើអ្វីចេញជាដុំកំភួននោះទេ។
មើលកាលវិភាគរបស់ខ្ញុំទៅ គឺមានចន្លោះជាច្រើនដើម្បីឲ្យខ្ញុំបានសំរាក និងកំសាន្តធ្វើការងារអត់ប្រយោជន៍បានច្រើន។ តាមពិត បើអាច ខ្ញុំចង់កាត់ការងារអត់ប្រយោជន៍ឲ្យច្រើនជាងនេះទៅទៀត តែខ្ញុំត្រូវប្រកាន់ទិដ្ឋនិយម ការពិតនោះគឺ កំរិតត្រឹមនេះ ដែលមានការងារពិតប្រាកដ (ដែលរកលុយបាន) មានការងារលេង (ដែលរកលុយមិនបាន) និងរឿងអត់ប្រយោជន៍ (កំសាន្តអារម្មណ៍) លាយឡំគ្នារបៀបនេះ ទើបធ្វើឲ្យខ្ញុំមានទឹកចិត្តគោរពតាមកាលវិភាគនេះជារៀងរាល់ថ្ងៃ!
ហើយត្រូវចាំថា សន្សឹមៗទៅមុខបន្តិចម្តងៗជារៀងរាល់ថ្ងៃ វាល្អជាងបោលយកងាប់យករស់មួយខែម្តង!
ធនធានបន្ថែម៖
ក. អានពីវិធីបង្កើតទំលាប់ល្អ
ខ. អានពីវិធីបង្កើតជីវិតដែលអ្នកចង់បាន
គ. អានពីការពង្រឹងឆន្ទៈ
រូបភាពបានមកពី៖ អានជូល ដេនដឺកា (Anjul Dandekar)
2. បន្ថយការប្រើប្រាស់បណ្តាញសង្គម ឬរឿងកំសាន្តឲ្យមានកំរិត
ស្មេរជឿថា លើករឿងនេះមកហួសពេលបន្តិចហើយ។ អ្នកខ្លះ បានឈប់នៅផ្ទះប៉ុន្មានថ្ងៃនេះ បានចំណាយពេលដេកលើគ្រែ ពាក់ខោអាវដដែលមិនខ្ចីងូតទឹក អង្គុយតែចុចទូរស័ព្ទលេងបណ្តាញសង្គម ហ្គេម ឬមើលរឿងពីព្រឹកដល់យប់រួចមកហើយ។
តែស្ថានភាពយើងនៅមិនទាន់ដល់ថ្នាក់ស្រោចស្រង់លែងបានតែម្តងនោះទេ។ សាកឈប់បន្តិច ហើយគិតសិនទៅមើល តែអ្នកចង់បន្តចំណាយពេលលេងរបស់ទាំងអស់ ដែលគេឌីហ្សាញមកមានចេតនាឲ្យយើងញៀនដកដៃមិនរួចទៀតទេ? គេធ្វើឲ្យហ្គេម ហ្វេសប៊ុក យូធូប និងបណ្តាញសង្គមផ្សេងៗងាយនឹងញៀន ដើម្បីឲ្យយើងលេងមិនឈប់ ព្រោះយើងហ្នឹងហើយជាអ្នករកលុយឲ្យគេ។ ក្រុមហ៊ុនទាំងនេះគឺរកលុយតាមរយៈការផ្សាយពាណិជ្ជកម្ម។ បើគ្មានអ្នកលេង ម៉េចទើបគេបង់លុយផ្សាយពាណិជ្ជកម្មឲ្យអ្នកលេងឃើញ? ទោះជាគ្រឿងទាំងនេះត្រូវបានគេធ្វើមកដោយចេតនាឲ្យយើងញៀនក៏ពិតមែន តែមនុស្សយើងម្នាក់ៗមានភាពច្នៃប្រឌិត និងឆន្ទៈដែលអាចបំបែកខ្នោះដៃមួយនេះបាន!
ការបន្ថយលេងបណ្តាញសង្គម មិនត្រឹមតែជួយសន្សំពេលវេលា ដើម្បីឲ្យអ្នកទៅធ្វើរឿងដែលមានប្រយោជន៍នោះទេ វាថែមទាំងជួយថែរក្សាសុខភាពផ្លូវចិត្តអ្នកទៀតផង! ក្នុងខណៈពេលនេះ ក៏ដូចជាខណៈពេលមុនៗផងដែរ បណ្តាញសង្គមដូចជាហ្វេសប៊ុក និងយូធូប គឺជាប្រភពមេរោគ ដែលនាំឲ្យយើងកើតស្ត្រេស និងភាពភ័យបារម្ភក្នុងចិត្តជាច្រើន។ សាកមើលទៅ សឹងគ្រប់ទំព័រហ្វេសប៊ុក និងគណនីតូចៗក៏ដោយ ព្យាយាមដណ្តើមគ្នាផុសពីរឿងទាំងធំទាំងរឿងតូច ទាំងរឿងពិត និងរឿងមិនពិត ដើម្បីទទួលបានការចាប់អារម្មណ៍។
ស្មេរជឿថា អ្នកដឹងច្រើនពីរឿងកូវីដ ជាពិសេសគឺវិធីការពារខ្លួនរួចទៅហើយ។ បើអ្នកនៅតែបន្តតាមដានវាឥតឈប់ជារៀងរាល់ថ្ងៃទៀត គឺគ្មានបានអ្វីមានប្រយោជន៍ក្រៅពីស្ត្រេស និងភាពភ័យបារម្ភក្នុងចិត្តនោះទេ។ សួរខ្លួនឯងទៅមើលថា តើអញតាមដានរឿងហ្នឹងដើម្បីបានចំណេះការពារខ្លួន ឬក៏ដើម្បីបានតែស្ត្រេស?
ធនធានបន្ថែម៖
ក. ដឹងពីផលអាក្រក់របស់បណ្តាញសង្គមដែលមនុស្សភាគច្រើនមិនទាន់ដឹង
ខ. អានពីវិធីស្រួលៗដើម្បីបន្ថយការញៀនបណ្តាញសង្គម
រូបភាពបានមកពី៖ ណាវ លីតូ (Naolito)
ឥលូវអ្នកបានដោះលែងខ្លួនពីឈ្លើងទាមយកពេលវេលា ដូចជាហ្វេសប៊ុក យូធូប ហ្គេម និងរឿងកុនភាគច្រើនហើយ។ អ្នកមានពេលច្រើនជាងមុន ដើម្បីធ្វើអ្វីដែលមានប្រយោជន៍ចំពោះរាងកាយ និងផ្លូវចិត្តអ្នក។ សាកសកម្មភាពខាងក្រោមនេះមើល!
1. ស្តាប់ខ្លួនឯងឡើងវិញ
ជីវិតសម័យថ្មីនេះ ធ្វើឲ្យយើងងាយនឹងរត់ចេញពីខ្លួនឯង និងទុក្ខបញ្ហារបស់យើងណាស់។ យើងរត់ចេញពីវា ដោយទៅចូលរួមកម្មវិធី ទៅជួបជុំស៊ីផឹកជាមួយមិត្តភក្តិ ទៅធ្វើការ មើលរឿង លេងបណ្តាញសង្គម ឬដើរលេង។ តែឥលូវ យើងមានពេលទំនេរច្រើន ដល់ពេលយើងសាកនៅជាមួយខ្លួនឯង សាកស្តាប់ទុក្ខលំបាក និងក្តីសុខរបស់ខ្លួនឯងឡើងវិញហើយ ព្រោះថា បើចង់ស្រឡាញ់ខ្លួន ទាល់តែយើងយល់ពីខ្លួនឯង។ ហើយបើចង់យល់ពីខ្លួនឯង ដល់តែយើងយកពេលនៅជាមួយ និងស្តាប់ខ្លួនឯងទើបបាន!
ប្រសិនបើអ្នកបានរត់គេចពីខ្លួនឯងរាងយូរមកហើយដែរ ពីដំបូងៗ ត្រឡប់មកស្តាប់ខ្លួនឯងវិញនឹងមានភាពពិបាកបន្តិច។ ចិត្តយើងគឺប្រៀបដូចជាបន្ទប់មួយអ៊ីចឹង។ ពេលយើងរត់គេចពីខ្លួនឯង ហាក់ដូចជាយើងទុកបន្ទប់មួយចោល ឲ្យដីហុយ និងរបស់រប៉ាត់រប៉ាយអ៊ីចឹងឯង។ ប្រាកដណាស់ ពេលយើងចាប់ផ្តើមរៀបចំបន្ទប់នោះវិញភ្លាម មើលទៅគឺលំបាកព្រោះមានសំរាមច្រើនពេក។ តែឲ្យតែយើងបន្តរៀបចំម្តងបន្តិចៗ មិនយូរប៉ុន្មាន យើងនឹងមានបន្ទប់មួយដែលមនោរម្យ គួរឲ្យចង់នៅវិញហើយ! នោះយើងនឹងមិនចង់រត់ចេញពីវាទៀតទេ!
អ្នកខ្លះគិតថា បើពិបាករៀបចំចឹង ដូរបន្ទប់ទៅមិនស្រួល? នៅក្រៅ យើងអាចដូរបាន តែចិត្តយើង មិនអាចប្តូរបាននោះទេ។ ដរាបណាយើងនៅរស់ គឺយើងនៅជាមួយចិត្តមួយនេះហើយ។ ដូច្នេះ មិនថាអ្នករត់បានយូរប៉ុណ្ណា រត់បានលឿនប៉ុណ្ណា គង់តែមានថ្ងៃត្រូវត្រឡប់មកចិត្តយើងវិញនោះទេ។ បើអ្នកទុកវាចោលរឹតតែយូរ វានឹងរឹតតែពិបាកសំអាត!
ដូច្នេះកុំចាំយូរ! ចាប់ផ្តើមសំអាតបន្ទប់ចិត្តអ្នក ដោយស្តាប់វា យល់ដឹងពីវា ហើយជួយវាក្នុងការដោះស្រាយបញ្ហាម្តងបន្តិចៗមក! មួយថ្ងៃតែ ៥ នាទីក៏បាន ១០ នាទីក៏បាន ឲ្យតែធ្វើ! ចិត្តយើងវាបានដង្ហោយឲ្យយើងស្តាប់វានិយាយរាប់ឆ្នាំហើយ ល្មមយើងបើកត្រចៀកស្តាប់វាហើយ!
អ្នកអាចស្តាប់ខ្លួនឯងដោយ៖
ក. សរសេរកំណត់ហេតុ
ខ. សមាធិបង្កើនស្មារតី
គ. ស្តាប់ធម៌ដ៏ល្អៗទាំងនេះពីព្រះតេជគុណ ធីជ ញ៉ាត់ហាញ់
2. យកពេលរៀបចំផែនការជីវិតឡើងវិញ!
គ្នាយើងជាច្រើនបានមកទូលពិតស្មេរថា មិនទាន់បានអីផង ផែនការជីវិតឆ្នាំ ២០២០ គាត់បរាជ័យទៅហើយ! តែមិនអីទេ ឥលូវនេះជាឱកាសដែលយើងអាចរៀបផែនការ ២០២០ សារជាថ្មី ដោយមានបទពិសោធន៍ដើមខែនេះជាជំនួយ។ អ្នកចាញ់មិនមែនជាអ្នកដែលបរាជ័យទេ អ្នកចាញ់ជាអ្នកដែលបរាជ័យ ហើយមិនព្រមរៀនពីវា! យកពេលទំនេរដែលអ្នកមាន មកគិត ពិចារណា ហើយរៀបផែនការជីវិតអ្នកសារជាថ្មីទៅ!
អានរបៀបបង្កើតខ្លួនងងសារជាថ្មីនៅឆ្នាំ ២០២០
3. រក្សាសុខភាពផ្លូវកាយឲ្យបានល្អ
រូបភាពបានមកពី៖ ជីលាន លូវីស (Gillian Levis)
មនុស្សជាច្រើនមិនខ្ចីហាត់ប្រាណឲ្យបានទៀងទាត់ទេ ដោយសារយកលេសថារវល់រៀន ឬរវល់ការងារជាដរាប។ ឥលូវដល់ពេលដែលអ្នកមានពេលទំនេរហើយ ស្មេរមិនចង់ស្តាប់លេសរបស់អ្នកទៀតទេ!
បើចង់ទៅហាត់នៅក្លឹបហាត់ប្រាណក៏បាន តែខ្ញុំមិនហ៊ានលើកទឹកចិត្តឲ្យទៅនោះទេ។ សំរាប់អ្នកដែលចង់ហាត់នៅផ្ទះម្នាក់ឯង ខាងក្រោមនេះអាចជួយបាន៖
ក. ហាត់យោគៈ
ខ. ហាត់ push up ឲ្យបានដប់ដងក្នុងមួយថ្ងៃ
គ. បើអាច ចេញក្រៅដើរ ឬជិះកង់នៅជុំវិញផ្ទះ
4. អានសៀវភៅ!
ឲ្យតែពេលណាស្មេរប្រាប់គេថា ស្មេរអានសៀវភៅជាង ៥០ ក្បាលក្នុងមួយឆ្នាំ មានគេហារមាត់ ភ្ញាក់មិនចង់ជឿ។ មនុស្សភាគច្រើន តែងយកលេសថា ចាំពេលមានពេលចាំចាប់ផ្តើមអានសៀវភៅ។ តែឥលូវមានពេលហើយ នៅចាំអីទៀត! ល្មមអានសៀវភៅដែលអ្នកទិញទុក ឬក៏ចាប់ផ្តើមដោនឡូតសៀវភៅអានក្នុងទូរស័ព្ទ ឬ Kindle យើងក៏បាន!
ខាងក្រោមនេះជាវ៉ិបសាយដែលស្មេរលួចដោនឡូតសៀវភៅមកអានដោយមិនគិតថ្លៃ កុំប្រាប់ប៉ូលីសណា!
ក. B-ok.org
ខ. Lib.gen
គ. អានវប្បធម៌! ស្មេរដឹងច្បាស់ណាស់ថា គ្នាយើងខ្លះមិនទាន់បានអានគ្រប់អត្ថបទនៅទីនេះទេ។ ឥលូវមានពេលអានហើយ! ចុចលើ ម៉ឹនុយហើយរើសប្រធានបទដែលអ្នកចង់អានមក!
5. ហាត់រៀនជំនាញណាមួយ
តើអ្នកពាំចិត្តចង់រៀនគូររូប ផាត់រូប សរសេរ កាត់តវីដេអូ ធ្វើម្ហូប ឬជំនាញណាមួយផ្សេងយូរហើយមកឬ? ឥលូវអ្នកមានពេលរៀនវាហើយ! ខាងក្រោមនេះជាវ៉ិបសាយខ្លះ ដែលមានថ្នាក់បង្រៀនយើងសឹងគ្រប់រឿង៖
ក. Khan Academy មានថ្នាក់រៀនទាក់ទងនឹងសឹងគ្រប់មុខវិជ្ជា ហើយហ្វ្រ៊ី!
ខ. YouTube ឲ្យតែអ្នកចំណាយពេលរក ចង់រៀនអីក៏មានដែរ!
គ. SkillShare ជាវ៉ិបសាយមួយដែលបង្រៀនយើងច្រើនទាក់ទងនឹងការឌីហ្សាញ និងសិល្បៈ រួមមានការថត និងកាត់តវីដេអូ ការគូររូប កាតដេរជាដើម ឥលូវនេះគេហ្វ្រ៊ីពីរខែដំបូងសំរាប់អ្នកប្រើថ្មី!
6. ចុងក្រោយនោះគឺ… សំរាក
រូបភាពបានមកពី៖ VKphoto
ស្មេរចង់កត់សំគាល់ផងដែរថា យើងមិនចាំបាច់ចំណាយគ្រប់ពេល គ្រប់នាទីធ្វើរឿងដែលមានប្រយោជន៍ ដែលនាំឲ្យយើងអភិវឌ្ឍន៍ខ្លួន ឬរកលុយបានច្រើនជាងមុននោះទេ! ជីវិតកើតមកគឺដើម្បីឲ្យយើងសប្បាយនឹងរស់នៅក្នុងពេលបច្ចុប្បន្ននេះឯង តែយើងនាំគ្នាទំលាប់អាក្រក់ គិតតែរត់ទៅមុខ គិតតែចង់បាននេះបាននោះ មិនដែលសប្បាយនឹងពេលឥលូវនោះទេ។ ចាំពេលរៀនចប់ ចាំពេលមានការងារ ចាំពេលមានលុយ ចាំពេលការ ចាំពេលមានកូន ចាំពេលកូនធំ ចាំពេលចូលនិវត្តន៍ ចាំ ចាំ ចាំ យើងចាស់ដល់ពេលជិតស្លាប់ទៅហើយ!
ដូច្នេះរាល់ថ្ងៃនេះ យើងមិនគួរចាំដល់យើងមានអ្វីគ្រប់សព្វចាំសំរាកសប្បាយនោះទេ។ រាល់ថ្ងៃ គួររកពេលយ៉ាងហោចប៉ុន្មានានទី ដើម្បីនៅស្ងៀម មិនធ្វើអ្វី មិនគិតអ្វីឡើយ គឺដើម្បីសំរាកចិត្តនិងកាយ សប្បាយនឹងអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន។ អ្នកអាចដេកលេង ស្តាប់ចំរៀង មើលសត្វ មើលមេឃមើលផ្កាយ ហើយសប្បាយទៅបានហើយ។ ជីវិតយើងកើតមកគឺដើម្បីរស់នៅ ហើយពេលនេះ វេលានេះ យើងកំពុងមានជីវិតរស់នៅ យើងកំពុងមានសុខភាពល្អ ជាហេតុដែលយើងគួរអបអរសាទរ គួរសប្បាយអរគុណដល់រឿងនេះផងដែរ!
ធនធានបន្ថែម៖
ក. សាកសមាធិដេកសំរាកបន្ធូរអស់ពីខ្លួន
ជាសង្ខេប វេលានេះ ជាពេលដ៏ពិបាកសំរាប់យើងទាំងអស់គ្នា ជាពិសេសគឺគ្នាយើងក្មេងៗ ដែលមិនធ្លាប់ឆ្លងកាត់វិបត្តិពិភពលោកធំដល់ថ្នាក់នេះទេ។ តែយើងត្រូវចាំថា មិនមានអ្វីដែលថេររហូតក្នុងលោកនេះទេ វិបត្តិនេះនឹងប្តូរបាត់រលាយទៅថ្ងៃមុខជាមិនខាន។ យើងត្រូវខិតខំការពារខ្លួន និងអ្នកជុំវិញខ្លួនពីមេរោគនេះ ហើយយកនៅសល់ទៅថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងផងដែរ។ ព្រោះថា ទាល់តែយើងមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ មាំមួន មានក្តីសុខសប្បាយ ទើបយើងអាចមានប្រយោជន៍ដល់ខ្លួនឯង ដល់គ្រួសារយើង និងសង្គមជាតិយើងបាន!
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com
💜ចូលរួមសហគមន៍វប្បធម៌!💜
ជួបគ្នានៅតេលេក្រាម (Telegram: www.t.me/wapatoa)