ភ្នំពេញ៖ ជនជាតិខ្មែរទីពីរ នៅសហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ ។
ជនជាតិខ្មែរ ដែលបានស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺជាបុរសមានឈ្មោះ ពុជ រស្មី អាយុ ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក ។ មុនពេលទទួលមរណៈ បើយោងតាមប្រភពជិតស្និតបានឱ្យដឹងថា មុនឈានដល់ការស្លាប់បាត់បង់ជីវិត លោក ពុជ រស្មី មានអាការៈគ្រុនក្ដៅ ហើយបានព្យាយាមទាក់ទងទៅគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជំងឺនៅសភាពធូរស្រាលនៅឡើយ ចាំស្ថានភាពធ្ងន់ទើបទៅទទួលយក ព្រោះគ្មានកន្លែងសម្រាប់ព្យាបាលឡើយ ទើបបណ្ដាលឱ្យលោកមានសភាពកាន់តែធ្ងន់ធ្ងរ រហូតឈានដល់ស្លាប់បាត់បង់ជីវិត។
គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក ក្លាយជាប្រទេសលំដាប់ទី១ នៅលើពិភពលោក ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ពោលគឺមានរហូតដល់ ៣៣៦,៨៣០នាក់ឯណោះ ខណៈចំនួនមនុស្សមានរហូតដល់ ៩,៦១៨នាក់។
សូមជម្រាបថា លោក ពុជ រស្មី គឺជាជនជាតិខ្មែរទីពីរ ដែលរស់នៅសហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិត ដោយសារមេរោគកាចសាហាវកូវីដ១៩ បន្ទាប់ពីម្តាយរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។ ដែលមានអាយុ ៦៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ៕ ដោយ៖ តារា