ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា យ៉ាងតិចប្រជាជនអាមេរិក ១,៦លាននាក់ បានធ្វើតេស្តរកវីរុសCOVID-19 ហើយលទ្ធផលនឹងចែករំលែក ចំពោះពលរដ្ឋទាំងនោះដែលបានធ្វើតេស្ត ។ នេះបើតាមការផ្សាយរបស់ប្រភព NDTV ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានថ្លែងថា «នេះគឺហួសពីអ្វីដែលប្រទេសដទៃផ្សេងទៀត អាចធ្វើបាន»។
ក្នុងអំឡុងពេលធ្វើសន្និសីទដ៏ខ្លីមួយជាមួយនឹងកងកម្លាំងប្រយុទ្ធប្រឆាំងនឹង COVID-19 នោះ លោកប្រធានាធិបតីបានសម្តែងសុទិដ្ឋិនិយមថា «យើងកំពុងចាប់ផ្តើម រកឃើញពន្លឺ នៃទីបញ្ចប់រូងក្រោមដីដ៏ជ្រៅ ហើយក្តីសង្ឃឹម គឺនៅមិនឆ្ងាយ ក្នុងពេលអនាគតនោះឡើយ យើងនឹងមានមោទកភាពខ្លាំងណាស់ ចំពោះការងារដែលយើងបានធ្វើ»។
លោកបានថ្លែងថា មន្ទីរពិសោធន៍ Abbott នឹងផលិតឧបករណ៍ធ្វើតេស្តរកវីរុស ឃើញលទ្ធផលរាល់១៥នាទី ចំនួន១ ២០០ឧបករណ៍ ជារៀងរាល់សប្តាហ៍។ ការធ្វើតេស្តរបស់មន្ទីរពិសោធន៍ Abbott នេះទទួលបានការយល់ព្រមពីរដ្ឋបាលនូវម្ហូបអាហារ និងថ្នាំពេទ្យ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ស្រោមដៃចំនួន៣០០លាន, ម៉ាស់៣លាន និងសម្លៀកបំពាក់ការពារ ព្រមទាំងបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗផ្សេងទៀត ត្រូវបានចែកចាយនៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ននេះ។
គិតមកដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសអាមេរិក ត្រូវបានកត់ត្រាអ្នកឆ្លង COVID-19 កើនឡើង ៣៣១ ០០០នាក់ ក្នុងនោះជាង ៩ ៤០០ នាក់ស្លាប់។ នៅថ្ងៃទី៤ ខែមេសា នោះ មានករណីស្លាប់ដោយ COVID-19 រហូតដល់ ១ ៣៤៤នាក់ ហើយនេះជាតួលេខខ្ពស់ជាងគេបំផុត ចាប់តាំងពីពេលផ្ទុះវីរុសរាតត្បាត នៅអាមេរិក មក៕ ប្រែសម្រួលដោយ៖ thach yat