រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ និងស្លាប់ នៅតាមបណ្តាប្រទេសរីកចម្រើន កំពុងកើនឡើងខ្ពស់ ដូចជា អាមេរិក និងអឺរ៉ុប …ជាដើម បានធ្វើឲ្យប្រទេសទាំងនោះ ប្រឈមនឹងកង្វះខាតបរិក្ខារពេទ្យយ៉ាងខ្លាំង។ ប្រទេសទំាងនោះមិនអាចដោះស្រាយបញ្ហាកង្វះខាតគ្រឿងបរិក្ខារដោយខ្លួនឯបានឡើយ។ បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត បានទិញបរិក្ខារពេទ្យពីប្រទេសចិន ហើយសូម្បីតែអាមេរិក ក៏ត្រូវទិញពីចិនផងដែរ។
នៅពេលនេះដែរ អាមេរិកបានបញ្ជាទិញម៉ាស៊ីនជំនួយដង្ហើម ចំនួន១៧ពាន់គ្រឿង មកពីប្រទេសចិន ដើម្បីជួយព្យាបាលអ្នកជំងឺ នៃកូវីដ-១៩ នៅអាមេរិក។ អភិបាលទីក្រុងញូវយ៉ក លោក Andrew Cuomo បានប្រកាសថា ទីក្រុងនេះបានសម្រេចទិញម៉ាស៊ីនជំនួយដង្ហើមពីប្រទេសចិន ។
កន្លងមក ទីក្រុងប៉េកាំង បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមដល់ទៅ១ពាន់គ្រឿង ទៅឲ្យទីក្រុងវ៉ាស៊ីនតោន។
អភិបាលក្រុង Andrew Cuomo បានបញ្ជាក់ថា «ចិន គឺជាឃ្លាំងបរិក្ខារពេទ្យដ៏ធំ ហើយរាល់ការបញ្ជាទិញ គឺចិនផ្គត់ផ្គងបានទាំងអស់។ បច្ចុប្បន្នម៉ាស៊ីនជំនួយដង្ហើម និងសម្ភារការពារ គឺមកពីចិនទាំងអស់ ហើយអាមេរិកក៏មិនអាចផលិតបានសម្ភារទាំងនោះទេ គឺត្រូវទិញពីចិន »។
អភិបាលក្រុងញូវយ៉ក បានលើកឡើងថា នៅទីក្រុងនេះនឹងប្រឈមកង្វះសម្ភារជាច្រើន នៅពេលដ៏ខ្លីខាងមុខ ដោយសារតែចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់។ បច្ចុប្បន្ននៅទីរដ្ឋញូវយ៉ក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជាង១១៣ពាន់នាក់ និងស្លាប់ជាង៣៥០០នាក់។ ចំណែកនៅទូទាំងអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជាង៣៣៦ពាន់នាក់ និងស្លាប់សរុបជិត១ម៉ឺននាក់ហើយ៕ ប្រែសម្រួលដោយ៖MEO