ការឆ្លងវីរុសកូរ៉ូណានៅប្រទេសថៃបានកើនឡើងដល់ចំនួន ១០២ករណី នៅថ្ងៃនេះបន្ទាប់ពីការថយចុះជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនៅត្រឹម ៨៩ករណីកាលពីម្សិលមិញដែលធ្វើអោយមានការឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ២ ១៦៩នាក់។
រូបតំណាង
ចំនួនអ្នកស្លាប់បានកើនឡើងពី ៣ទៅ ២៣នាក់ខណៈអ្នកជាសះស្បើយពេញលេញបានកើនឡើងដល់ ៦៧៤នាក់ និងមានអ្នកជំងឺចំនួន ១,៤៧២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ អ្នកស្លាប់ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង ៣ នាក់គឺ បុរសជនជាតិថៃម្នាក់អាយុ ៤៦ឆ្នាំដែលបានវិលត្រឡប់មកពីទស្សនកិច្ចនៅចក្រភពអង់គ្លេស។ ទី២ បុរសជនជាតិស្វីសអាយុ ៨២ឆ្នាំដែលមានជំងឺបេះដូងនិងលើសឈាមបានចូលរួមពិធីជប់លៀងនៅឯគេហដ្ឋានមួយនៅហួហ៊ីននិងបានទៅទស្សនាកន្លែងកម្សាន្តមួយនៅតំបន់សុខោទ័យប្រហែល ២សប្តាហ៍មុន។ អ្នកទី៣ គឺជាកម្មករសំណង់ជនជាតិថៃអាយុ ៣០ឆ្នាំនៅខេត្ត Surin ដែលមានប្រវត្តិផឹកស៊ីជាប្រចាំ។
អ្នកនាំពាក្យរបស់ CCSAលោក Thaveesilp Wissanuyothin បានមានប្រសាសន៍ថា ប្រជាជនថៃទាំង ១៥៨នាក់ដែលបានវិលត្រឡប់មកពីបរទេសនាពេលថ្មីៗនេះបានបដិសេធមិនសហការក្នុងការរស់នៅដាច់ដោយឡែក ប៉ុន្តែឥឡូវនេះពួកគេបានសហការនឹងអាជ្ញាធរហើយ។ លោកក៏បានបន្តទៀតថា ជនជាតិថៃចំនួន ៥១នាក់ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីនិង ៤៧នាក់ដែលបានត្រឡប់មកពីប្រទេសកាតា កាលពីយប់មិញ(ថ្ងៃសៅរ៍)បានចាត់ឱ្យរស់នៅដាច់ពីគ្នា នៅសណ្ឋាគារដែលរដ្ឋកំណត់ឱ្យនៅទីក្រុងបាងកក។ ចាប់តាំងពីការដាក់បម្រាមគោចរម៉ោង ១០យប់ដល់ម៉ោង ៤ទៀបភ្លឺដែលបានដាក់កាលពីថ្ងៃសុក្រ ឃើញថាអ្នករំលោភច្បាប់មានចំនួន ៣២៥ នាក់ត្រូវបានឃាត់ខ្លួន និង ៣៧៥ នាក់ត្រូវបានផ្តល់ការព្រមាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD