អ្នកទោសនៅក្នុងប្រទេសម៉ារ៉ុកច្រើនពាន់នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព ខណៈដែលជំងឺ COVID-19 កំពុងរាតត្បាតឆ្លងពាសពេញនៅក្នុងប្រទេសមួយនេះ ។
ប្រភពព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងយុត្តិធម៌បានប្រកាសថា ព្រះមហាក្សត្រប្រទេសម៉ារ៉ុកបានព្រះរាជទានលើកលែងទោសដល់អ្នកជាប់ពន្ធនាគារចំនួន ៥ ៦៥៤នាក់ ព្រមទាំងដាក់បញ្ជាឲ្យមានវិធានការ ការពារយ៉ាងខ្លាំងដល់អ្នកទោសទាំងនោះ ពីការឆ្លងរាតត្បាត ដោយសារជំងឺCOVID-19ថែមទៀតផង ។
សេចក្តីថ្លែងការក្រសួងយុត្តិធម៌ម៉ារ៉ុកបានបញ្ជាក់ថា អ្នកទោសទាំងនោះត្រូវបានជ្រើសរើសផ្អែកលើមូលដ្ឋានអាយុរបស់ពួកគេ, សុខភាពទន់ខ្សោយ, ពេលវេលាអនុវត្តទោសកំហុស ព្រមទាំងអ្នកទោសមានអាកប្បកិរិយាកែប្រែខ្លួនជាដើម ។
គួរបញ្ជាក់ថា ប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានប្រកាសថា ជំងឺ COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងសរុប ៩១៩ករណី ក្នុងនោះ៥៩នាក់បានបាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ thach yat