ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន រីឯម្នាក់ទៀតរត់គេចរួចខ្លួនបាត់ នៅម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០នេះ។
កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បន្ទាប់ពីប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាកXR (បិទស្លាកកងរាជអាវុធហត្ថ GRK) ឌុបគ្នាតាមផ្លូវ មើលទៅមិនសមជាសមត្ថកិច្ច ទើបឃាត់សួរនាំសុំត្រួតពិនិត្យ តែមិនព្រមសហការ បែរជាព្យាយាមជិះគេចខ្លួន ទើបសមត្ថកិច្ចដេញចាប់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ និងត្រួតពិនិត្យឆែកឆេរក្នុងកាបូបស្ពាយរបស់អ្នកបើកម៉ូតូ ឃើញមានកាំភ្លើងខ្លីមួយដើម និងថ្នាំញៀន២កញ្ចប់ថែមទៀត ទើបធ្វើការឃាត់ខ្លួនចាប់ដាក់ខ្នោះតែម្ដង ចំណែកឯជនសង្ស័យម្នាក់ទៀត ជាអ្នកជិះពីក្រោយឃើញដូច្នេះ បែរជាស្ទុះរត់បំបុកសមត្ថកិច្ចអោយដួលហើយរត់សំដៅ ទៅឡើងផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ គេចខ្លួនបាត់ឈឹង។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួក ទើបតែធ្វើសកម្មភាពភ្ជុងប្លន់ យកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ពីជនរងគ្រោះម្នាក់ បានសម្រេច នៅចំណុចម្ដុំផ្សារមាន់អាំង ក្នុងខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ហើយម៉ូតូដែលប្លន់បាននោះ ត្រូវបានបក្ខពួករបស់ខ្លួនជាអ្នកយកទៅលក់។ នៅយប់កើតហេតុនេះ រូបគេនិងបក្ខពួក មានបំណងចេញធ្វើសកម្មភាពប្លន់ទៀត តែអំឡុងពេលជិះម៉ូតូឌុបគ្នាមកដល់ចំណុចខាងលើ ស្រាប់តែកម្លាំងនគរបាលខណ្ឌសែនសុខ ចេញប្រដេញតាម រហូតចាប់ខ្លួនរូបគេបានតែម្តង។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ត្រូវបានអធិការដ្ឋានខណ្ឌសែនសុខ កសាងសុំណំរឿងបន្តតាមនិតិវិធី។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ សួង សាម