Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើកាំបិតចាក់ប្រហារ​ នៅបារាំង ស្លាប់​ និងរបួសច្រើននាក់

យោងតាមការចេញផ្សាយ​របស់គេហទំព័រ France24 ​កាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២០ បញ្ជាក់ថា បុរស​ស៊ូដង់ម្នាក់ជាជនភៀសខ្លួន​បានវាយប្រហារភេរវកម្ម​ដោយប្រើកាំបិតចាក់ប្រហារ​ស្ថិតនៅទីក្រុង​ភាគអាគ្នេយ៍​របស់ប្រទេសបារាំង​ សម្លាប់​មនុស្ស​២នាក់ និង​៥នាក់ទៀត​រងរបួស ។ 

លោក Cristophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង​ ដែលបានទៅពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ស្លាប់​មនុស្ស​២នាក់ និង​៥នាក់​បានរងរបួស ។ 

ជនសង្ស័យ​ត្រូវប៉ូលិស​ចាប់ខ្លួន ហើយមិនបានតដៃជាមួយ​កងកម្លាំងសន្តិសុខ​នោះឡើយ ។ ជនវាយប្រហារឈ្មោះ Abdallah A.-O.អាយុ​៣០ឆ្នាំ មកពីប្រទេសស៊ូដង់ បានសិទ្ធិជាជនភៀសខ្លួន រស់នៅទីក្រុង Romans-sur-Isere របស់បារាំងនោះ​កាលពីឆ្នាំ២០១៧​។ ជននេះបានស្នើសុំប៉ូលិស​សម្លាប់​រូបគេ​ បន្ទាប់ពីប៉ូលិសបានចូលទៅចាប់ខ្លួន ។ 

ប៉ូលិសប្រឆាំងភេរវកម្ម​បារាំង​បានស្រាវជ្រាវ​​រកឃើញថា ការវាយប្រហារនេះ​​ជាអំពើភេរវកម្ម ។ នៅលើខ្លួន​របស់ឃាតក ប៉ូលិសបានរកឃើញ​ភស្តុតាងផ្សេងទៀត​ពាក់ព័ន្ធ​ជាមួយក្រុមជ្រុលនិយម ។ សាក្សី​ថា មុនពេលចាក់ប្រហារទៅលើជនរងគ្រោះ ឃាតករូបនេះ​បានស្រែកថា «ព្រះដ៏អស្ចារ្យ»​​ (Allah Akbar!) ។ 

គួរបញ្ជាក់ថា ទីក្រុង​Romans-sur-Isere ដែលជាកន្លែងកើតហេតុ មានប្រជាជនរស់នៅ​ប្រហែល​ ៣៥ ០០០ នាក់ ។ នៅទូទាំងប្រទេស​បារាំង​ទាំង​មូល​ បាននិងកំពុង​អនុវត្ត​បម្រាម​របស់រដ្ឋាភិបាល​ ហាមចាកចេញពី​ផ្ទះ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង COVID-19 ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​​មានសមត្ថកិច្ច​ត្រូវបានព្រមាន​ឲ្យប្រុងប្រយ័ត្ន​ចំពោះអំពើភេរវកម្ម​ ។ 

ប្រធានាធិបតី​បារាំង លោក Emmauel Macron បានហៅទង្វើ​នេះជា«សកម្មភាព​ដ៏គួរឲ្យស្អប់ខ្ពើមបំផុត» ។

តាមការផ្សាយ​ប្រភពព័ត៌មានដដែលបញ្ជាក់ថា មុនការចាក់ប្រហារ​ ជនសង្ស័យជាតឃតក​បានចូលទៅក្នុង​ហាងលក់ថ្នាំជក់​មួយកន្លែង ហើយបានវាយ​ទៅលើបុរសជាម្ចាស់ផ្ទះ និងប្រពន្ធរបស់គាត់ ។ 

បន្ទាប់មក​ជនល្មើស​បានចូលទៅហាងលក់សាច់​មួយកន្លែង ហើយយកបានកាំបិត​ មុនពេល​ចាកចេញពីទីនោះ​ទៅកាន់​កណ្តាលទីក្រុង​កាប់ប្រហារ​ទៅលើ​ប្រជាជន​អ្នកដំណើរតាមដងផ្លូវ​មិនរើសមុខ ស្ថិតនៅខាងក្រៅ​ហាងលក់នំបុ័ង​មួយកន្លែង ។ 

ជនល្មើស​ក៏បានកាប់អតិថិជន​កំពុងទិញសាច់​ម្នាក់​ផងដែរ មុនពេលរត់គេចខ្លួន​។ 

ប៉ូលិសប្រឆាំងភេរវកម្ម​បារាំងស៊ើបអង្កេត​ហើយចាត់ទុក​ទង្វើនេះ​គំរាមកំហែង​ដល់សន្តិសុខសាធារណៈ និងជាអំពើភេរវកម្ម ។ 

គួរបញ្ជាក់ថា បារាំង​បានចូលដល់សប្តាហ៍​ទី​៣ហើយ​ នៅក្នុងដំណើរការបិទប្រទេស​​​ទាំងមូល​ដើម្បីទប់ស្កាត់ការរាតត្បាតពីជំងឺ COVID-19 ។ ពលរដ្ឋ​បារាំង​ទាំងអស់​ស្នើឲ្យស្ថិតនៅតែក្នុងផ្ទះ ។ លើកលែងតែករណីចាំបាច់ពិសេស​ទើបអនុញ្ញាត​ឲ្យធ្វើដំណើរ ។ 

បើទោះបីបារាំង​ស្ថិតនៅក្នុងដំណាក់កាលបិទប្រទេស​ក៏ពិតមែន ប៉ុន្តែអាជ្ញាធរ​​ មានសមត្ថកិច្ច​ត្រូវបានណែនាំ​ឲ្យប្រុងប្រយ័ត្នជានិច្ច​ចំពោះអំពើភេរវកម្ម​​ ។ 

សន្តិសុខ​បារាំង​បានយកចិត្តទុក​ប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​បង្កឡើងដោយក្រុមនិយមជ្រុល​ជីហាដ ។ ក្រុមនេះ​បានវាយប្រហារ​ភេរវកម្ម​សម្លាប់រង្គាល​នៅទីក្រុងប៉ារីស​កាលពីឆ្នាំ២០១៥ ។ 

ប្រភព AFP បានអះអាងថា មនុស្ស​ប្រហែល​២៥៨នាក់​មកហើយ​បានស្លាប់​នៅក្នុងប្រទេសបារាំង ដោយសារតែអំពើវាយប្រហារ​ភេរវកម្មរហូតមកទល់ពេលនេះ​​ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9102852