ប្រតិបត្តិការរួមមួយរបស់កងកម្លាំងសន្តិសុខចម្រុះ រួមមានកងកម្លាំងសន្តិសុខសាធារណៈ និងយោធាម៉ិកស៊ិកត្រូវបានធ្វើឡើង ដើម្បីស្វែងរកថា តើក្រុមខ្មាន់កាំភ្លើងដែលពាក់ព័ន្ធការប៉ះទង្គិចប្រដាប់អាវុធនោះ បាននិងកំពុងស្ថិតនៅទីកន្លែងណា ។
ការិយាល័យរដ្ឋអាជ្ញាជាតិរបស់ម៉ិកស៊ិកកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានប្រកាសថា យ៉ាងតិចមនុស្ស១៩នាក់បានស្លាប់ ក្នុងការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធ ស្ថិតនៅតំបន់ Madera រដ្ឋ Chihuahua របស់ម៉ិកស៊ិក ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យអគ្គរដ្ឋអាជ្ញា(FGE)ខេត្ត Chihuahua បានបញ្ជាក់ថា «កងកម្លាំងប្រតិបត្តិការត្រូវបានដាក់ពង្រាយភ្លាមៗ ក្រោយពេលទទួលព័ត៌មាននៅវេលាម៉ោង៦និង៣៥នាទីយប់ ដែលថា អាចនឹងមានការប៉ះទង្គិចគ្នាទៀត រវាងគូប្រឆាំងទាក់ទងនឹងក្រុមឧក្រិដ្ឋកម្ម នៅទីកន្លែងមួយ ដែលចាប់ផ្តើមពីចំណុច Las Varas ទៅដល់ចំណុច Largo Maderal» ។
កងកម្លាំងប៉ូលិសបានមកដល់ទីកន្លែងកើតហេតុ បានឃើញសាកសពជនស៊ីវិលយ៉ាងតិច១៨នាក់, កាំភ្លើងវែង១៨ដើម, រថយន្ត២គ្រឿង, គ្រាប់បែកដៃ២គ្រាប់ ត្រូវបានរិបអូស ។ បុរសរងរបួស២នាក់ ត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែម្នាក់បានបាត់បង់ជីវិត ធ្វើឲ្យការប៉ះទង្គិចនោះស្លាប់មនុស្សកើនឡើង១៩នាក់ ។ ខ្មាន់កាំភ្លើងខ្លះទៀតត្រូវចាប់ដាក់គុក ។
ការវាយប្រហាររវាងក្រុមប្រដាប់អាវុធបែបនេះមិនមែនជារឿងចម្លែកកើតឡើងនៅម៉ិកស៊ិកនោះឡើយ ។ ប្រទេសនេះមានអំពើហិង្សារវាងក្រុមឧក្រិដ្ឋកម្ម បងធំបងតូចប្រដាប់អាវុធជាហូរហែ និងបង្កឲ្យមានភាពសោកសៅដ៏ពិតប្រាកដមួយសម្រាប់ប្រជាពលរដ្ឋ ៕ ប្រែសម្រួលដោយ៖ thach yat