នាយករដ្ឋមន្រ្ដីវៀតណាម កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំប្រជុំមន្រ្ដីរដ្ឋាភិបាល ដើម្បីអនុវត្ដតាមបទបញ្ជា ឲ្យនៅឆ្ងាយពីគ្នា រយៈពេល១៥ថ្ងៃ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
លោក ង្វៀន ស្វឹនភុក (Nguyễn Xuân Phúc) កាលពីថ្ងៃទី៣ ខែមេសា បានថ្លែងជាដដែលថា ការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាល គឺដើម្បីការពារសុខភាពសាធារណៈ ថ្វីត្បិតតែត្រូវសង្រ្គោះសេដ្ឋកិច្ច ក្នុងរយៈពេលខ្លីយ៉ាងក្ដី។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានជំរុញដល់វិស័យផ្សេងៗ និងមូលដ្ឋាននានា ត្រូវអនុវត្ដវិធានការនេះឲ្យបានឆាប់រហ័ស។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រដ្ឋាភិបាលបានធ្វើសេចក្ដីព្រាងដំណោះស្រាយទៅលើសុខុមាលភាពសង្គម ហើយនិងចេញវិធានការក្នុងពេលឆាប់ៗនេះ ដើម្បីគាំទ្រដល់ប្រជាជន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវីរុសរាតត្បាត រួមទាំងកម្មករក្រីក្រ ប្រជាជនក្រីក្រ និងអ្នករស់នៅក្នុងស្ថានភាពដ៏លំបាក។ រីឯវិស័យផ្សេងៗ និងមូលដ្ឋាននានា ត្រូវបានជំរុញឲ្យយកចិត្តទុកដាក់ទៅលើអ្នកក្រីក្រ និងធ្វើឲ្យប្រាកដប្រជា ទៅលើតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាជន ដូចជា អគ្គិសនី ទឹក អាហារ និងថ្នាំសង្កូវ…ជាដើម។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាឲ្យដាក់ទោសទណ្ឌឲ្យធ្ងន់ដល់អ្នកបំពានទៅលើច្បាប់ប្រឆាំងនឹងកូវីដ១៩ និងអ្នកលក់ផលិតផលក្លែងក្លាយ ឬខូចគុណភាព នៅក្នុងអំឡុងការផ្ទុះឡើង នៃកូវីដ១៩។
សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៣៩នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩០នាក់។ ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នៅក្នុងប្រទេសវៀតណាម មិនទាន់មានឡើយ៕ ប្រែសម្រួលដោយ Nuon