Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកមានដឹងទេ! តើខេត្តណាខ្លះមានក្រុងចំនួន០២ ហើយមានឈ្មោះអ្វីខ្លះ?

អត្ថបទនេះ គឺជាចំណេះដឹងមួយអំពីប្រទេសកម្ពុជាយើង សម្រាប់ជាពុទ្ធិដល់មិត្តអ្នកអាន ដើម្បីចៀសវាងការផ្តល់ចម្លើយខុសទៅដល់ក្មេងៗជំនាន់ក្រោយ ឬត្រូវខ្មាសគេ ដោយពុំដឹងពីភូមិសាស្រ្តដ៏សំខាន់របស់ប្រទេសខ្លួន។ ដោយផ្អែកទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ មានគោលបំណងកំណត់នូវការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល។ សម្រាប់ប្រទេសកម្ពុជាយើង រដ្ឋបាលដែនដី ត្រូវបានបែងចែកជារាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ។ ប៉ុន្តែដោយផ្អែកលើភាពចាំបាច់ផ្នែកសេដ្ឋកិច្ចសង្គម និងភាពងាយស្រួលក្នុងការគ្រប់គ្រងនោះ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងចំនួន០២ ក្នុងខេត្តមួយចំនួន ដែលនៅក្នុងនោះមានខេត្តចំនួន០៣ ដូចមានរៀបរាប់ខាងក្រោមនេះ៖

១.ខេត្តបន្ទាយមានជ័យ៖ មានក្រុងចំនួន០២ គឺក្រុងសិរីសោភ័ណ(ជាក្រុងទីរួមខេត្ត) និងក្រុងប៉ោយប៉ែត។ ក្រុងប៉ោយប៉ែត ជាក្រុងថ្មីដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ ២៣២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើតក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដោយកាត់យកឃុំចំនួន០២ នៃស្រុកអូជ្រៅ គឺឃុំប៉ោយប៉ែត និងឃុំនិមិត្ត។

រូបតំណាង

២.ខេត្តស្វាយរៀង៖ មានក្រុងស្វាយរៀង ដែលជាក្រុងទីរួមខេត្ត និងក្រុងបាវិត។ ក្រុងបាវិតថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ២៣៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើតក្រុងបាវិតនៃខេត្តស្វាយរៀង ដោយបានកាត់យកនូវឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពីស្រុកចន្ទា និងឃុំច្រកម្ទេស ពីស្រុកស្វាយទាប។

រូបតំណាង

៣.ខេត្តព្រះសីហនុ៖ មានក្រុងព្រះសីហនុដែលជាក្រុងទីរួមខេត្ត និងក្រុងកោះរ៉ុង។ ក្រុងកោះរ៉ុងនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ០២ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ ដែលបានកាត់យកនូវសង្កាត់ចំនួន០២ របស់ក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងមានរាជធានីចំនួន០១ ខេត្តចំនួន២៤ និងក្រុងចំនួន២៧៕

អត្ថបទដោយ៖ កញ្ញា ស៊ីរ័ត្ន

from: https://tnaot.com/km/m/detail/article/9102075