នាវានេសាទវៀតណាម បានចូលទៅនេសាទ នៅក្នុងដែនទឹកមានជម្លោះ នៃសមុទ្រចិនខាងត្បូង ហើយត្រូវនាវាល្បាតរបស់កងទ័ពជើងទឹកចិន បើកបុកលិច នៅក្នុងដែនសមុទ្រ Hoang Sa ស្ថិតក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២ ខែមេសា ហើយរហូតមកដល់ពេលនេះ វៀតណាម បានប្ដឹងទាមទារឲ្យភាគីចិនសង។
យោងតាមសារព័ត៌មានវៀតណាម Vietnamnews បានផ្សាយថា ទូកនេសាទវៀតណាម លេខ QNg 90617 TS ដោយមាននាវិកនៅលើនោះចំនួន៨នាក់ បានទៅនេសាទត្រី នៅជិតកោះ Phú Lâm កាលពីថ្ងៃទី២ ខែមេសា។ ប៉ុន្ដែនៅពេលនោះ នាវាល្បាតរបស់កងទ័ពជើងទឹកចិន បានបុកលិចតែម្ដង។
លោកស្រី លេ ធីធូហាង (Le Thi Thu Hang) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែង កាលពីល្ងាច ថ្ងៃទី៣ ខែមេសា ថា តំណាងរបស់វៀតណាម បានដាក់ពាក្យបណ្តឹងជាផ្លូវការ ប្រឆាំងនឹងភាគីចិន បន្ទាប់ពីការលិចនាវានេសាទវៀតណាម នៅជិតប្រជុំកោះ Hong Sa ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា តំណាងក្រសួងការបរទេសវៀតណាម បានជួបប្រជុំជាមួយនឹងតំណាងស្ថានទូតចិន ប្រចាំទីក្រុងហាណូយ រួចហើយ។ ភាគីវៀតណាមបានស្នើឲ្យភាគីចិន ស៊ើបអង្កេត និងបញ្ជាក់ ក៏ដូចជាដោះស្រាយឲ្យបានម៉ឺងម៉ាត់ទៅលើករណីខាងលើនេះ។ ចិនត្រូវតែសងចំពោះការខូចខាត ក្នុងករណីខាងលើនេះ។
វៀតណាម មានមូលដ្ឋានច្បាប់ និងភ័ស្តុតាងជាប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជាក់អំពីអធិបតេយ្យភាពរបស់ខ្លួន នៅលើប្រជុំកោះ Ho Parang Sa និងTrường Sa (Spratly) ដោយអនុលោម តាមច្បាប់អន្តរជាតិ។
បើយោងតាមព៌ត៌មានពីអាជ្ញាធរវៀតណាម បានបញ្ជាក់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ថា អ្នកនេសាទវៀតណាម ចំនួន៨នាក់ នៅលើទូកលេខ QNg 90617 TS ត្រូវបានគេជួយសង្រ្គោះ ប្រកបដោយសុវត្ថិភាព។
ទោះជាយ៉ាងណា ទាក់ទិននឹងករណីខាងលើនេះ មិនទាន់មានការឆ្លើយតបណាមួយពីភាគីចិននៅឡើយ៕ ប្រែសម្រួលដោយ Nuon