គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់សេដ្ឋកិច្ចទី ៣ដែលប៉ាន់ស្មានថានឹងចំណាយប្រហែល ១០% នៃGDPក្នុងប្រទេសដែលស្មើនឹង ១.៦ទ្រីលានបាត ដើម្បីជួយដល់ប្រជាជនដែលមិនទទួលបានកាលពីកញ្ចប់ថវិកាពីរកាលពីលើកមុន នៅក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។
លោកឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak បានថ្លែងនៅថ្ងៃនេះថា កញ្ចប់ថវិកានេះនឹងបានមកពីការបែងចែកថវិកាជាតិ។ លោកបន្ថែមថា កញ្ចប់ថវិកាទាំងបីនេះនឹងជួយលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជន និងអាជីវកម្មនៃសេដ្ឋកិច្ចថៃក្នុងការស្តារឡើងវិញជាបណ្តើរៗនៅពេលដែលមានវិបត្តិឆ្លងវីរុស។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Uttama Savanayana បានមានប្រសាសន៍ថា ប្រជាជនដែលមិនទទួលបាននូវកញ្ចប់ជំនួយពីរពីលើកមុន ជាពិសេសការប្រគល់សាច់ប្រាក់ ៥,០០០បាតក្នុងមួយខែដូចជា កសិករ កម្មករ អ្នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យមជាដើម នឹងទទួលបាននូវកញ្ចប់ថវិកាទី៣នេះ។
រូបតំណាង
ប្រជាជនថៃភាគច្រើនគិតទុកជាមុនថា សេដ្ឋកិច្ចនឹងផ្លាស់ប្តូរបន្ទាប់ពីមានវីរុសកូរ៉ូណាចូលមករាតត្បាត ហើយឥឡូវនេះប្រជាជនថៃជាច្រើនបានចាកចេញពីទីក្រុងបាងកកទៅកាន់ខេត្តកំណើតរបស់ពួកគេ។ លោក Uttama មានប្រសាសន៍ថា រដ្ឋាភិបាលនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកនិងផ្តល់ការបណ្តុះបណ្តាលជំនាញដល់ប្រជាជនទាំងនេះ ដូច្នេះទោះជាពួកគេនឹមិនវិលត្រឡប់ទៅទីក្រុងបាងកកក៏អាចធ្វើការនៅខេត្តកំណើតរបស់ពួកគេដោយប្រើជំនាញថ្មីរបស់ពួកគេបាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD