ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានធ្វើការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះអ្នកដែលបានបាត់បង់ជីវិត ដោយមេរោគឆ្លងកូវីដ១៩ ។
នៅលើផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះនៅមុននេះបន្តិច ដោយមានអត្ថន័យថា៖ “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះវីរជនដែលបានពលីជីវិត និងបងប្អូនប្រជាពលរដ្ឋចិនដែលបានបាត់បង់ជីវិត ក្នុងកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូវីដ-១៩” ។
នៅក្នុងនោះដែរ បានសង្កេតឃើញថា ស្ថានទូតចិន បានបង្ហូតទង់ជាតិរបស់ខ្លួនត្រឹមពាក់កណ្ដាល ដើម្បីបង្ហាញ និងចូលរួមរំលែកទុក្ខដ៏សោកសៅបំផុត ដែលជំងឺកូវីដ១៩ បានប្រល័យជីវិតជនជាតិជនចិន អស់ចំនួន ៣ ៣២៦នាក់ នៅក្នុងនោះមានគ្រូពេទ្យរាប់សិបនាក់ ក៏បានបានបាត់បង់ជីវិត ក្នុងសោកនាដកម្មដ៏អាក្រក់មួយនេះផងដែរ។
សូមរម្លឹកថា គិតមកត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ទូទាំងប្រទេសចិន មានមនុស្សសរុបចំនួន ៨១ ៦៣៩នាក់ បានឆ្លងវីរុសកូវីដ១៩ ដោយនៅក្នុងនោះករណីស្លាប់មាន ៣ ៣២៦នាក់ ចំណែកឯអ្នកជាសះស្បើយមាន ៧៦ ៧៥៥នាក់៕ ដោយ៖ តារា