ខេត្តព្រះវិហារ៖ លោក បេន ដេវីស បានទទួលថវិកាចំនួន ២០០០០ដុល្លារអាមេរិក ពីក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់លោក ក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក ខៀវ បូរិន បានបញ្ជាក់ថា ថវិកា ចំនួន២០០០០ដុល្លារ សម្រាប់ឆ្នាំទី២នេះ លោក បេន ដេវីស ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹងបន្តអនុវត្តការងារធំៗចំនួន ៤ ចំណុចដូចខាងក្រោម៖
១-បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃដើម្បីងាយស្រួលល្បាត
២-រៀបចំកំណត់ទីតាំងក្នុងដែនជម្រកសត្វព្រៃ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចំការនាងនួនថ្មី លើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន
៣-អនុវត្តការដោះដូរដីជាមួយប្រជាជនដែលមានចំការនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
៤-ធ្វើការល្បាតជាមួយសហគមន៍។
គួររម្លឹកថា នៅឆ្នាំ២០១៩ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូន លោកបេន ដេវីស នូវរថយន្ត Pick-up ចំនួន ១គ្រឿង ម៉ូតូចំនួន ២គ្រឿង និងថវិកា ២០០០០ដុល្លារ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន ក្នុងការលើកទឹកចិត្ត ដែលក្នុងនាមលោកជាជនជាតិបរទេស បានលះបង់អ្វីគ្រប់បែបយ៉ាង ដើម្បីធនធានធម្មជាតិ នៅកម្ពុជា៕ ដោយ៖ តារា