ក្រោយពេលរដ្ឋាភិបាល Serbia ស្នើឲ្យជួយទប់ស្កាត់កូវីដ-១៩នោះមក ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចុះហត្ថលេខាលើច្បាប់ ឲ្យបង្កើតក្រុមទៅជួយដល់ប្រទេសនេះជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។
សារព័ត៌មាន RIA បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជូនយន្តហោះយោធា Il-76 ដឹកសម្ភារបរិក្ខារពេទ្យទៅជួយដល់ប្រទេស Serbia ដើម្បីជួយទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជូនអ្នកឯកទេស នៃវីរុស ចំនួន៨៧នាក់ និងគ្រូពេទ្យយោធា រួមទាំងសម្ភារបរិក្ខារពេទ្យជាច្រើនទៅកាន់ប្រទេស Serbia ។ រីឯជំនួយរបស់រុស្ស៊ីត្រូវដឹកជញ្ជូនតាមយន្តហោះដល់ទៅ១១ជើង។
យន្តហោះ Il-76 របស់កម្លាំងទាហានអាកាសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានយោធា Batainitsa ជិតរដ្ឋធានី Belgrade។ រហូតមកដល់ពេលនោះ នាយករដ្ឋមន្ត្រី Brnabich និងរដ្ឋមន្ត្រីការពារជាតិ Alexander Vulin រួមទាំងមន្ត្រីជាន់ខ្ពស់ ក្នុងជួរដ្ឋាភិបាលជាច្រើននាក់ទៀត បានទៅកាន់អាកាសយានដ្ឋាន ដើម្បីទទួលជំនួយទាំងនោះ។
នាយករដ្ឋមន្ត្រី Serbia លោក Ana Brnabich ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរុស្ស៊ីដែលបានជួយដល់ប្រទេសរបស់លោក នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ បច្ចុប្បន្ន Serbia មានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ ៣១នាក់ហើយ និងមានអ្នកឆ្លងកើនឡើងដល់១១៧១នាក់៕ ប្រែសម្រួលដោយ MEO