កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះមានករណីបុរសម្នាក់កំពុងបណ្តើរម៉ូតូសុខៗស្រាប់តែដួលស្លាប់នៅកណ្តាលផ្លូវភ្លាមៗតែម្តង តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងបណ្តើរម៉ូតូមួយគ្រឿងតាមដងផ្លូវ ភ្លាមៗនោះស្រាប់តែដួលសន្លប់ស្តូកស្តឹងរហូតដាច់ខ្យល់ស្លាប់តែម្តង។
យោងតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូងប្រហោងប្រចាំកាយ ប៉ុន្តែដោយសារគ្មានលុយទិញថ្នាំ គិតតែពីខំរកលុយចិញ្ចឹមគ្រួសារ ទើបបានជាត្រូវស្លាប់ដោយមិននឹកស្មានដល់បែបនេះ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ តឹងសួង គុណ ភេទប្រុស អាយុ ៥០ឆ្នាំ មានប្រពន្ធឈ្មោះ ចាន់ សុខហេង អាយុ ៤៨ឆ្នាំ មានទីលំនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសព និងបានឱ្យដឹងថា ការស្លាប់នេះពិតជាកើតឡើងដោយសារជំងឺរើឡើងពិតប្រាកដមែន និងប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ