រដ្ឋាភិបាលថៃអាចដាក់បម្រាមគោចររយៈពេល ២៤ម៉ោងប្រសិនបើអត្រានៃការឆ្លងវីរុសCOVID-19នៅតែមិនថយចុះដល់កម្រិតដែលបានរំពឹងនោះ បន្ទាប់ពីប្រើពេលអស់មួយសប្តាហ៍ក្នុង ការបិទកន្លែងផ្សេងៗពីម៉ោង ១០យប់ ដល់ម៉ោង ៤ទៀបភ្លឺនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានមានប្រសាសន៍នៅថ្ងៃនេះថា រដ្ឋាភិបាលនឹងវាយតម្លៃលទ្ធផលនៃបម្រាមគោចរដោយផ្អែកទៅលើលទ្ធផលជាក់ស្តែងនៅទូទាំងប្រទេស ប្រសិនបើមិនមានប្រសិទ្ធភាពដែលរដ្ឋាភិបាលចង់បាននោះទេ រដ្ឋាភិបាលនឹងអាចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការរាតត្បាតនេះ។
លោកស្រីបានបន្តថា លោកនាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចាមិនចង់ប្រើវិធីសាស្ត្រ«ថ្នាំល្វីង»បែបនេះទេ ប្រសិនបើសាធារណជនសហការយ៉ាងពេញទំហឹងជាមួយនឹងការស្នាក់នៅក្នុងផ្ទះ និងរក្សាគម្លាតពីគ្នា។
រូបតំណាង
ទន្ទឹមនឹងនេះការិយាល័យសុខាភិបាលខេត្ត Nonthaburi កំពុងស្វែងរកអ្នកដំណើរនៅជើងហោះហើរ TG917 របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ពីទីក្រុងឡុងដ៍ទៅទីក្រុងបាងកកនៅថ្ងៃទី២៧ និង២៨ ខែមីនា។ អ្នកដំណើរត្រូវបានស្នើសុំឱ្យទាក់ទងមកការិយាល័យសុខាភិបាលភ្លាមៗតាមទូរស័ព្ទលេខ ០៦១-៣៩៤៥៤០២ ឬ ០៦១-៣៩៤៥៤០៣ ពីព្រោះមានអ្នកដំណើរ ៣នាក់ត្រូវគេរកឃើញថាឆ្លងវីរុសដ៏សាហាវនេះ។ សមាជិកនាវិកនៅលើយន្តហោះនៃជើងហោះហើរ TG917 ទាំងអស់នោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD