ប្រទេសអារ៉ាប់រួម (UAE) បានផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ ជាដំណាក់កាលដំបូងដល់ប៉ាគីស្ថាន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងឲ្យកាន់តែមានប្រសិទ្ធភាពទៅលើវីរុស COVID-19 ខណៈប្រទេសមួយនេះ មានអ្នកឆ្លងជំងឺ កើនឡើងជាង ២ ៣០០ នាក់ នៅទូទាំងប្រទេស។ វីរុស COVID-19 នៅប៉ាគីស្ថាន ឆ្លងសរុប ២ ៣៨៦នាក់ ក្នុងនោះបាត់បង់ជីវិត៣៣នាក់ និង១០៧នាក់ បានជាសះស្បើយ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអារ៉ាប់រួម ប្រចាំនៅប៉ាគីស្ថាន អះអាងថា នេះគឺជាជើងទីមួយ ខណៈជំនួយជាបន្តបន្ទាប់ទៀត ហើយការដឹកជញ្ជួនបរិក្ខារវេជ្ជសាស្ត្របែបនេះ មកពីអារ៉ាប់រួម នឹងចូលមកដល់ប៉ាគីស្ថាន នឹងកើតមានឆាប់ៗ ដើម្បីជួយដល់រដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ក្នុងការដោះស្រាយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជំងឺរបស់ពិភពលោកមួយនេះ។
ជំនួយរបស់អារ៉ាប់រួមមកឲ្យប៉ាគីស្ថាននោះ ជាផ្នែកមួយ នៃជំនួយមនុស្សធម៌ដែលនៅតែបន្ត កើតមានជួយដល់បងប្អូនពលរដ្ឋប៉ាគីស្ថាន ស្ថិតក្រោមទិសដៅចង្អុលបង្ហាញរបស់មេដឹកនាំប្រទេសអារ៉ាប់រួម។ នេះបើតាមការបញ្ជាក់របស់លោក Hamad Obaid Ebrahim Salem Al Zaabi ឯកអគ្គរាជទូតអារ៉ាប់រួម ប្រចាំនៅប៉ាគីស្ថាន សរសេរនៅលើបណ្តាញសង្គម Tweet។ «ការប្តេជ្ញាចិត្តរបស់យើង ចំពោះវិធីសាស្ត្រ និងគោលការណ៍មនុស្សធម៌ ដើម្បីជួយដល់ប្រជាជន នៅក្នុងស្ថានភាពមិនមានដែនកំណត់»។
អារ៉ាប់រួម ជាពេលវេលាថ្មីម្តងទៀត បានប្រញាប់ប្រញាល់ជួយដល់ប៉ាគីស្ថាន ខណៈប្រជាជនប៉ាគីស្ថានត្រូវការជំនួយបន្ទាន់។ អារ៉ាប់រួម បានផ្តល់ជំនួយទាន់ពេលវេលា ជួយដល់ប៉ាគីស្ថាន បន្ទាប់ពីជួបគ្រោះនានា ដូចជាការរញ្ជួយដី គ្រោះទឹកជំនន់ និងសង្គ្រាមប្រឆាំងនឹងភេរវកម្ម ជាដើម។ ជំនួយមនុស្សធម៌របស់អារ៉ាប់រួម នៅប៉ាគីស្ថាន គ្របដណ្តប់លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្ត្រ, គាំពារសុខាភិបាល និងលុបបំបាត់ជំងឺស្វិតដៃជើង ។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប់រួម (United Arab Emirates) ក៏ជាប្រទេសមានអ្នកឆ្លង COVID-19 ផងដែរ ។ ប្រទេសនេះមានអ្នកឆ្លង សរុប ១ ៨៨៥ នាក់ ក្នុងនោះ២១នាក់បានបាត់បង់ជីវិត និង៣២៨នាក់បានជាសះស្បើយ៕ ប្រែសម្រួលដោយ៖ thach yat