ភ្នំពេញ៖ ឡានបែនមួយគ្រឿង ក្រោយពីចាក់ដីរួច មិនទាន់ទម្លាក់ទ្រុងបែន បើកទៅទាក់ខ្សែភ្លើងទាញបាក់បង្គោលភ្លើងអស់ ៦ដើម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បើយោងតាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តដឹកដីមួយក្រុម បើកយកទៅចាក់លុបត្រពាំងនៅចំណុចភូមិខាងលើ ហើយមានរថយន្តបែនកង់ ១០មួយគ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតង គ្មានស្លាកលេខ ដឹកដីចូលទៅចាក់ នៅការដ្ឋានខាងលើ រួចបើកចេញមកវិញ ដោយមិនបានទម្លាក់ទ្រុងបែន ក៏ទាក់ខ្សែភ្លើងទាំងសំណុំទាញបាក់បង្គោលភ្លើងអស់ ៦ដើម ហើយខ្សែភ្លើងធ្លាក់សង្កត់ជាប់ពីលើរថយន្តបែនដឹកដីមួយគ្រឿងទៀត ដែលកំពុងរយ៊ែរថយក្រោយ ដើម្បីចូលចាក់ដី ហើយអ្វីជាងនេះទៅទៀត ខ្សែភ្លើងរាប់រយសរសៃ ធ្លាក់រាយប៉ាយពេញផ្លូវ ដែលមិនអាចឲ្យចរាចរឆ្លងកាត់បាន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ។
ក្រោយបង្កហេតុ មកពីការមិនប្រុងប្រយ័ត្ន អ្នកបើកបរឡានដឹកដីទាំង ២គ្រឿង នាំគ្នាចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តរបស់ថៅកែ នៅកន្លែងកើតហេតុទាំងជាប់ខ្សែភ្លើង ។
ក្រោយពីកើតហេតុនេះ សមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅខាងអគ្គិសនី ដើម្បីរៀបចំប្រព័ន្ធអគ្គិសនីឡើងវិញ ។ រីឯរថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំថៅកែរថយន្ត ចូលខ្លួនទៅដោះស្រាយ៕ ដោយ៖ ផេងភាព