រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៣ ខែមេសា បានស្នើដល់អ្នកជំងឺ ដែលមិនមានអាការៈធ្ងន់ សម្រាកព្យាបាលនៅក្នុងផ្ទះ ដើម្បីទុកគ្រែឲ្យអ្នកជំងឺធ្ងន់ សម្រាប់ព្យាបាល ដោយអ្នកធ្ងន់ត្រូវការម៉ាស៊ីនជំនួយដកដង្ហើម។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា សំណើខាងលើរបស់រដ្ឋាភិបាល បានបង្ហាញយ៉ាងច្បាស់ អំពីក្តីព្រួយបារម្ភ នៅក្នុងកង្វះកន្លែងព្យាបាល ខណៈអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់។
ពេលថ្មីៗនេះ មហាសេដ្ឋី Hiroshi Mikitani និងមន្ត្រីជាន់ខ្ពស់មួយចំនួន បានស្នើឲ្យរដ្ឋាភិបាល ប្រកាសអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
បច្ចុប្បន្នអ្នកជំងឺ ទាំងធ្ងន់ និងស្រាល គឺបានព្យាបាល នៅក្នុងមន្ទីរពេទ្យទាំងអស់ ធ្វើឲ្យមន្ទីរពេទ្យពេញទាំងអស់ ពិបាកក្នុងការបញ្ជូនអ្នកជំងឺថ្មីមកព្យបាល។
ជប៉ុនមានករណីឆ្លងថ្មីកើនឡើងខ្ពស់ ក្នុងរយៈពេលចុងក្រោយនេះ។ បើគិតមកដល់ថ្ងៃទី២ ខែមេសា ជប៉ុន មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ២៨០០នាក់ និងស្លាប់៧៣នាក់។ ទីក្រុងតូក្យូ ជាកន្លែងមានអ្នកឆ្លងច្រើនជាងគេ គឺមានរហូតដល់ទៅ៦៨៤ករណី ប៉ុន្តែបើប្រៀបធៀបពលរដ្ឋរស់នៅដល់ទៅ១៤លាននាក់ ក្នុងទីក្រុងនេះ គឺអ្នកឆ្លងតិចតួចប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ MEO