កូរ៉េខាងជើង នៅតែបញ្ជាក់ថា ប្រទេសរបស់ខ្លួន មិនមានករណីឆ្លងកូវីដ-១៩ណាមួយ នៅក្នុងប្រទេសនេះឡើយ បើទោះជានៅលើពិភពលោក មានករណីឆ្លងកើនឡើងដល់ជាង១លាននាក់ហើយក្តី ។ ទោះជាយ៉ាងណា ប្រទេសលោកខាងលិច ជាពិសេស អាមេរិកនៅតែមិនជឿថា កូរ៉េខាងជើងមិនមានឆ្លងវីរុសកូវីដ១៩នោះឡើយ។
មន្ត្រីជាន់ខ្ពស់ នៃវិស័យសុខាភិបាលកូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើងនៅមិនទាន់មានករណីឆ្លងនៅឡើយ។ លោក Pak Myong Su មន្ត្រីសុខាភិបាលទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងប្រឆាំងនឹងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ទទួលបានជោគជ័យទាំងស្រុង ដោយសារតែកូរ៉េខាងជើងបានបិទព្រំដែន តាំងពីពេលដំបូង នៃការផ្ទុះឡើងប៉ុន្មានករណី នៅក្នុងប្រទេសចិន។
រហូតមកទល់ពេលនេះ កូរ៉េខាងជើងទប់ស្កាត់ឆ្លងកូវីដ-១៩បានយ៉ាងល្អបំផុត ខណៈមានប្រទេស និងដែនដីចំនួន២០៤ នៅលើពិភពលោក បានឆ្លងវីរុសដ៏កាចសាហាវមួយនេះ។ ដោយមិនមានអ្នកឆ្លង កូរ៉េខាងជើងបានសម្រេចលើកលែងការរឹតត្បិតធ្វើដំណើរពាក់ព័ន្ធនឹងការឆ្លងរាលដាល នៃកូវីដ-១៩ដល់ជនបរទេស ដោយអនុញ្ញាតឲ្យចេញទៅក្រៅទិញសម្ភារ ឬទៅភោជនីយដ្ឋានបានតាមធម្មតា។
អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើង កាលពីថ្ងៃទី២ ខែមេសា បានបញ្ជាក់ថា កូរ៉េខាងជើងបានបន្ធូរបន្ថយច្បាប់រឹតត្បិត ក្រោយពេលមិនមានអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ។ ប៉ុន្តែការធ្វើដំណើរចេញទៅក្រៅ ចាំបាច់ត្រូវតែពាក់ម៉ាស់ការពារជានិច្ច។
ទោះជាយ៉ាងនេះក្ដី អាមេរិកនៅតែមិនជឿថា កូរ៉េខាងជើងគ្មានអ្នកឆ្លងកូវីដ-១៩នោះឡើយ។ នាយឧត្ដមសេនីយ៍ នៃកងទ័ពអាមេរិក លោក រ៉ូប៊ឺត អាប្រាមស៍ (Robert Abrams) បាននិយាយថា លោកមិនជឿទាល់តែសោះដែលថា កូរ៉េខាងជើងមិនមានករណីឆ្លង COVID-19 ណាមួយនោះ៕ ប្រែសម្រួលដោយ៖ MEO