បើគិតចាប់តាំងពីការផ្ទុះឡើងមុនដំបូង នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វីរុសកូវីដ១៩នេះ បានឆ្លងរាតត្បាត នៅលើដែនដី និងប្រទេស ចំនួន២០៤ ដោយមានអ្នកផ្ទុកវីរុសសរុបកើនឡើង ជាង១លាននាក់ ក្នុងនោះស្លាប់ជាង៥ម៉ឺននាក់។
បើយោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា បើគិតត្រឹមវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅលើពិភពលោក កើនឡើង ១ ០១៥ ៨៧៧ នាក់ ក្នុងនោះស្លាប់៥៣២១៨នាក់ និងជាសះស្បើយ ចំនួន ២១២ ៩៩២នាក់។
បើតាមតួលេខខាងលើនេះ បង្ហាញថា រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លង និងស្លាប់ មានការកើនឡើងជាលំដាប់ ហើយក៏មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីការថមថយ ឬគេចផុតអំពីការរាតត្បាត នៃវីរុសកូវីដ១៩នេះឡើយ។ វីរុសកូរ៉ូណានេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ កើតឡើងដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសចិន។
រហូតមកដល់ពេលនេះ បណ្ដាមេដឹកនាំនានា នៅលើពិភពលោក តែងតែរិះរកវិធីសាស្រ្ដផ្សេងៗ សម្រាប់ទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ។ រដ្ឋាភិបាលជាច្រើន បានចេញក្រឹត្យបិទប្រទេស ដោយមិនឲ្យប្រជាពលរដ្ឋធ្វើសកម្មភាពប្រមូលផ្ដុំគ្នា រួមមាន ពិធីសាសនា និងព្រឹត្ដិការណ៍ផ្សេងៗ ជាដើម។ វិធានការនេះ តម្រូវឲ្យមនុស្សនៅឆ្ងាយពីគ្នា ក្នុងចន្លោះពី២ម៉ែត្រ។
នៅលើពិភពលោក អាមេរិកមានអ្នកឆ្លងច្រើនជាងគេ តែអ៊ីតាលីជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេបំផុត ហើយប្រទេសបន្ទាប់មក គឺអេស្ប៉ាញ។ ប្រទេសទាំង២នេះ សុទ្ធតែមានចំនួនអ្នកស្លាប់កើនឡើង ជាង១ម៉ឺននាក់ដូចគ្នា៕ ប្រែសម្រួល ដោយ Nuon