ខ្សែបម្រើ Lucas Paqueta របស់ក្លិប AC Milan ត្រូវបានរាយការណ៍ថា នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះបន្ទាប់ពីខកខានការប្រកួតជាច្រើននៅរដូវកាលនេះ។
យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីលខាងលើកំពុងត្រៀមចាកចេញពីក្លិបនៅរដូវក្តៅនេះ ក្រោយមានឱកាសបង្ហាញឱ្យក្លិបបានតិចតួចបំផុត ក្រោមការដឹកនាំរបស់លោក Stefano Pioli នៅរដូវកាលនេះ ហើយអាចទៅចូលរួមជាមួយក្លិបនៅប្រទេស ព័រទុយហ្គាល់ Benfica ដែលចាប់អារម្មណ៍ចង់បាននៅរដូវក្តៅនេះ។
ខ្សែបម្រើវ័យ២២ឆ្នាំ ខាងលើមានឱកាសចូលលេងក្នុងក្រុមគ្រប់កម្មវិធីទាំងអស់បាន ១៧ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ បន្ទាប់ពីផ្លាស់មកពីក្លិប Flamengo របស់ប្រទេស ប្រេស៊ីល ហើយសាមីខ្លួនផ្ទាល់កំពុងស្វែងរកទ្រនំថ្មី ដែលអាចនឹងទៅចូលរួមជាមួយ Benfica ក្រោយចប់រដូវកាលនេះ។
បើតាមការចុះផ្សាយរបស់ប្រភពខាងលើបានឱ្យដឹងទៀតថា Benfica កំពុងចង់បានខ្សែបម្រើរបស់ Milan ខាងលើមកចូលរួមក្រុមនៅរដូវក្តៅនេះ ក្នុងតម្លៃខ្លួនប្រហែល ២៨លានអឺរ៉ូ ដើម្បីទិញផ្តាច់កុងត្រាតែម្តង។
យ៉ាងណាមិញខ្សែបម្រើ Paqueta នៅសល់កុងត្រាជាមួយក្លិបដល់ឆ្នាំ២០២៤ ឯណោះ ដែលនឹងធ្វើឱ្យតម្លៃខ្លួនទិញផ្តាច់កុងត្រាអាចនឹងលើសចំនួនខាងលើផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato