ភ្នំពេញ៖ អាជីវកម្មក្លឹបហាត់ប្រាណ ឬកន្លែងហាត់ប្រាណទីសាធារណៈទាំងអស់ នឹងត្រូវបិទជាបណ្ដោះអាសន្ន នៅទូទាំងប្រទេស។ នេះបើយោងតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។
សំណើនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងមេរោគកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស ឱ្យបិទជាបណ្ដោះអាសន្ននៅអាជីវកម្មក្លឹបហាត់ប្រាណ ទូទាំងប្រទេស ក្នុងគោលបំណងបញ្ចៀសការជួបជុំមនុស្សច្រើន ដែលប្រឈមនឹងការឆ្លងជំងឺនេះ។
នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញវិធានមួយចំនួនផងដែរ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដូចជាការបិទបណ្ដោះអាសន្ន ហាងខារ៉ាអូខេ រោងភាពយន្ត ក្លិបកម្សាន្ត សាលារៀន ការប្រគុំតន្ត្រីតាមទីសាធារណៈ កាស៊ីណូ ហាងបៀរហ្គារឌិន ការជួបជុំបែបសាសនា និងវិធានការមួយចំនួនទៀត៕ ដោយ៖ តារា