ភ្នំពេញ៖ វិស័យកសិកម្មកម្ពុជា ផ្នែកវារិវប្បកម្មក្នុងឆ្នាំ២០២០នេះ មានការកើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ក្រសួងកសិកម្ម បានកំណត់ផែនការចំនួន៣៦ម៉ឺនតោនលើការចិញ្ចឹមត្រី និងបង្គា ត្រឹមរយៈពេល២ខែទទួលបានជាង៣,៣ម៉ឺនតោន ដែលស្មើនឹងជាង៩ភាគរយ ហើយបានកើនឡើងជាង៥,៥ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។
ចំណែកការចិញ្ចឹមក្រពើ ក្រសួងបានកំណត់ផែនការសម្រាប់ឆ្នាំ២០២០ ចំនួន៣០ម៉ឺនក្បាល ហើយក្នុងនោះគិតចាប់ពីខែមករា ដល់ខែកុម្ភៈ ការចិញ្ចឹមក្រពើទទួលបានជាង២៥ម៉ឺនក្បាល ដែលស្មើជាង៨ភាគរយ ហើយបានកើនឡើងចំនួន១៥០ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។
រីឯការភ្ញាស់កូនត្រីពូជ ផែនការដែលបានកំណត់ក្នុងឆ្នាំ២០២០ គឺចំនួន២៤០លានកូន។ គិតត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ ចំនួនដែលទទួលបានគឺ ៣៦,៦លានកូន ដែលស្មើជាង១៥ភាគរយ ដោយបានកើនឡើងប្រមាណ៦០ម៉ឺនកូន បើធៀបនឹងមុននេះ៕ ដោយ៖ ប៊ុនធឿន