បារាំង ជាប្រទេសមានភាពល្បីល្បាញផ្នែកវេជ្ជសាស្រ្ដមួយ នៅក្នុងតំបន់អឺរ៉ុប និងពិភពលោក តែរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសបារាំង បានកើនឡើង រហូតដល់ ជាង ៥ពាន់នាក់ ហើយនេះជាតួលេខដ៏គួរឲ្យព្រួយបារម្ភបំផុត។
លោក Jerome Salomon ប្រធានអាជ្ញាធរសុខាភិបាលបារាំង បានថ្លែង កាលពីទី២ ខែមេសា ថា មេរោគរាតត្បាត (កូវីដ១៩) បើគិតត្រឹមថ្ងៃទី២ ខែមេសា បានឆក់យកអាយុជីវិតរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ ចំនួន ៤៥០៣នាក់។ ចំនួននេះបានកើនឡើង ១២ភាគរយ ខណៈកាលពីថ្ងៃមុន មានតែចំនួន៤០៣២នាក់។ ក្រៅពីនេះ លោកប្រធានក៏បានបង្ហាញតួលេខជាបណ្ដោះអាសន្នថា វីរុសដ៏កាចសាហាវនេះ បានសម្លាប់ មនុស្ស ចំនួន៨៨៤នាក់បន្ថែមទៀត នៅក្នុងមណ្ឌលថែទាំ និងកន្លែងថែទាំផ្សេងទៀត នៃប្រទេសបារាំង។
បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង ប្រមូលទិន្នន័យពីអ្នកជំងឺព្យាបាល នៅតាមផ្ទះបន្ថែមទៀត រហូតមកដល់ពេលនេះ វីរុសកូវីដ១៩បានឆក់យកជីវិតពលរដ្ឋបារាំង កើនឡើង រហូតដល់៥៣៨៧នាក់។ ប្រហែល២ភាគបី នៃអ្នកជំងឺ ជាពលរដ្ឋបារាំង បានព្យាបាល នៅតាមផ្ទះ ហើយត្រូវបានចុះបញ្ជី នៅក្នុងតំបន់ Grand Est ជាប់នឹងព្រំដែនអាល្លឺម៉ង់។
បើយោងតាមតួលេខរបស់វើលដូម៉ែទ័រ បានផ្សាយ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ថា ចំនួនអ្នកស្លាប់ថ្មី ក្នុង១ថ្ងៃកើនឡើង ១៣៥៥នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅក្នុងប្រទេសបារាំង សរុបកើនឡើង រហូតដល់៥៣៨៧នាក់ និងជាសះស្បើយ១២៤២៨នាក់ ក្នុងចំណោមអ្នកជំងឺ៥៩១០៥នាក់។ បើតាមតារាង នៃអ្នកឆ្លងវីរុស១៩ នៅលើពិភពលោក បារាំងឈរក្នុងលំដាប់លេខ៦ បន្ទាប់ពីចិន (លេខ៥) ជាទីផ្ទុះឡើង នៃកូវីដ១៩។ ប៉ុន្ដែរហូតមកដល់ពេលពេលនេះ ចិនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ និងមានលទ្ធភាពជួយដល់បណ្ដាប្រទេសដទៃថែមទៀតផង៕ ប្រែសម្រួលដោយ Nuon