សេវាសុខភាពជាតិអង់គ្លេស (NHS)បានប្រកាសនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថា ចក្រភពអង់គ្លេសនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នចំនួន២បន្ថែមទៀត ដើម្បីព្យាបាលអ្នកជំងឺ ដែលមានផ្ទុកមេរោគCOVID-19 ។
ចក្រភពអង់គ្លេសកំពុងត្រៀមខ្លួនទប់ទល់ជាមួយការកើនឡើងវីរុស COVID-19 ដែលបានសម្លាប់មនុស្សជិត ៣.០០០ នាក់នៅក្នុងស្រុក និងជាង៥ម៉ឺននាក់នៅជុំវិញពិភពលោក ។ អ្នកជំងឺ COVID-19 នៅអង់គ្លេស កើនឡើង ៣៣ ៧១៨នាក់ ។ នេះបើតាមប្រភព wikipedia ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
ប្រភព NHS បានបន្តថា នឹងសាងសង់មន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺបាន ១.០០០ នាក់ នៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Bristol ភាគនិរតីប្រទេសអង់គ្លេស និងមន្ទីរពេទ្យដាក់គ្រែប្រហែល៥០០ទៀត នៅមជ្ឈមណ្ឌលសន្និសិទមួយកន្លែង ក្នុងទីក្រុង Harrogate ភាគខាងជើងប្រទេសអង់គ្លេស ។
នោះមានន័យថា អង់គ្លេសគ្រោងនឹងបើកមន្ទីរពេទ្យចំនួន ៥ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ ទីមួយ គឺមន្ទីរពេទ្យ Nightingale ស្ថិតនៅភាគខាងកើតទីក្រុងឡុង តាមគម្រោង បើកទ្វារដំណើរការនៅថ្ងៃទី៣ ខែមេសា ហើយទទួលអ្នកជំងឺដំបូងនៅសប្តាហ៍ក្រោយ ។
ដោយដាក់ឈ្មោះតាមគិលានុបដ្ឋាយិកាអង់គ្លេសមួយរូប ក្នុងអំឡុងសម័យសង្គ្រាមគ្រីមៀ ដែលបានថែទាំព្យាបាលរបួសដល់កងកម្លាំងទាហានអង់គ្លេស ឈ្មោះ Florence Nightingaleនោះ, មន្ទីរពេទ្យនេះ ត្រូវបានសាងសង់នៅមជ្ឈមណ្ឌលសន្និសីទមួយក្នុងរយៈពេលតែ២សប្តាហ៍ ដោយមានជំនួយពីយោធា ។
មន្ទីរពេទ្យបណ្តោះអាសន្នផ្សេងទៀតនៅទីក្រុង Manchester និងទីក្រុង Birmingham នឹងដាក់គ្រែអ្នកជំងឺបានសរុប រហូតដល់ ៣,០០០គ្រែ ៕ ប្រែសម្រួលដោយ៖ thach yat