ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថា ចំនួនអ្នកជំងឺ COVID-19 នៅជុំវិញពិភពលោក បានកើនឡើង ជាង១លាននាក់ហើយ ក្នុងនោះមួយភាគបី នៃករណីនេះ កើតនៅលើទឹកដីសហរដ្ឋអាមេរិក។
ប្រភពដដែលនេះ បញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីកន្លែងដែលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងយ៉ាងតិច ២៣៦ ៣៣៩នាក់ ហើយក្នុងនោះ អ្នកជំងឺ ៥៦៤៧ នាក់បានស្លាប់។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីតាលី មានអ្នកជំងឺ COVID-19 សរុប ១១៥ ២៤២នាក់ និងមានអ្នកស្លាប់ រហូតដល់ ១៣ ៩១៥នាក់ បណ្តាលមកពីវីរុសដ៏កាចសាហាវមួយនេះ។
អេស្ប៉ាញ និងអាល្លឺម៉ង់ ជាប្រទេសទីបី និងទី៤ដែលមានអ្នកជំងឺ COVID-19 ច្រើនបំផុត ហើយបន្ទាប់មកគឺប្រទេសចិន។ ប្រទេសចិនជាទីផ្ទុះឡើង នៃ COVID-19 ដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាលចិននោះ បានធ្លាក់ចុះមក នៅលេខរៀងទី៥ ជាប្រទេសឆ្លងរាតត្បាត ដោយវីរុស COVID-19 ។
អេស្ប៉ាញមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១១០ ២៣៨នាក់ ក្នុងនោះ ១០ ០៩៦នាក់ បានបាត់បង់ជីវិត ខណៈនៅអាល្លឺម៉ង់ មានអ្នកឆ្លង COVID-19 ចំនួន៨៤ ៦០០នាក់ ក្នុងនោះបាត់បង់ជីវិត ១ ០៩៧នាក់ ។
បើទោះជាអ្នកជំងឺ COVID-19 នៅជុំវិញពិភពលោក បានបណ្តាលឲ្យស្លាប់មនុស្ស ជាង ៥២ ០០០ ក៏ពិតមែន ។ ប៉ុន្តែអ្នកជំងឺប្រហែល ២០៨ ៩៤៩នាក់ បានជាសះស្បើយវិញផងដែរ។
ថ្មីៗនេះមានការព្យាករណ៍ថា អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចនឹងបាត់បង់ជីវិត ចន្លោះពី១០០ពាន់នាក់ដល់២៤០ពាន់នាក់ ប្រសិនបើជាមិនមានការអន្តរាគមន៍ទេនោះ ។
ក្រុមអ្នកជំនាញ បានអះអាងថា អ្នកជំងឺ COVID-19 អាចនឹងស្លាប់ កើនដល់២,២លាននាក់ បើសិនពុំមានការអន្តរាគមន៍ទេនោះ៕ ប្រែសម្រួលដោយ៖ thach yat